អាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​៧នាក់ ​ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យ៧នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថ​ខេត្តស្វាយរៀង​​បញ្ជូនទៅតុលាការពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅព្រឹកទី២៧  ខែកក្កដា​​​  ឆ្នាំ២០២០ នេះ ។

សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមាន៖

ទី១.ឈ្មោះ តាំង វីរ:តុង ភេទប្រុស​ អាយុ​ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅ ភូមិទួលអំពិល សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

ទី២.ឈ្មោះ​ សៀ វទ្ធី  ភេទប្រុស​ អាយុ ៣០ ឆ្នាំ មុខរបរបើកបររថយន្ត  ទីលំនៅបច្ចុប្បន្ន ភូមិទី១៤  សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន  រាជធានីភ្នំពេញ ។

ទី៣.ឈ្មោះ សៀ វណ្ឌី  ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិទ្រា៤   សង្កាត់ស្ទឹងមានជ័យ៣  ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ទី៤.ឈ្មោះ​ ឡាក់ សឿ ភេទប្រុស អាយុ ១៥ ឆ្នាំមុខរបរពិតប្រាដក មានទីលំនៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ទី៥.ឈ្មោះ​ ខ្មៅ ស៊ីណា  ភេទប្រុស អាយុ ១៥ ឆ្នាំមុខរបរពិតប្រាដក មានទីលំនៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ទី៦.ឈ្មោះ​ ខ្មៅ រស្មី  ភេទប្រុស អាយុ ២០ ឆ្នាំមុខរបរពិតប្រាដក មានទីលំនៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ទី៧មានឈ្មោះ ស៊ុំ សារិត អាយុ ៣៤ ឆ្នាំមុខរបរចុងភៅ  មានទៅលំនៅភូមិជ្រលង ឃុំជ្រលង ស្រុកក្រគរ​ ខេត្តពោធិ៍សាត់។

​ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតសរុបរួមមាន៖

១.ម្សៅក្រាមពណ៌សថ្លាចំនួន  ៣៩កញ្ចប់ មានទម្ងន់ ៣៣៦.១២ ក្រាម (គិតទាំងសំបកវេចខ្ចប់) ។

២.ម្សៅពណ៌លឿង ចំនួន ០១កញ្ចប់មានទម្ងន់១.២៨ ក្រាម (គិតទាំងសំបកវេចខ្ចប់) ។

៣.ទូរស័ព្ទដៃ ០៥ គ្រឿង ។

៤.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០២ គ្រឿង ។

៥.គ្រាប់កាំភ្លើងចំនួន ៣០ គ្រាប់ ។

៦.ម៉ូតូ ចំនួន ០២ គ្រឿង ។

៧.ប្រាក់រៀលចំនួន ៨០,០០០ រៀល ។

៨.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប្រភពបន្តថានៅវេលាម៉ោង​ ៨និង៣០នាទី​ព្រឹក ថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ២០២០ ​ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ បានបញ្ជាឱ្យកម្លាំងមន្ទីយុត្តិធម៌​ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត​ និងកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរង​ កងរាជអាវុធហត្ថខេត្ត​ បានចុះបង្រ្កាបករណីរក្សាទុក​និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  នៅចំណុចភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ  ក្រុងបាវិត ខេត្តស្វាយរៀងដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ មកសាកសួរ។

ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថនាំមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឈ្មោះ សៀ វណ្ឌី បានសារភាពថាៈ ខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ ហង្ស សុគន្ធខេន (ហៅដែន) ។

បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងក៏បានសុំគោលការណ៍ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ ដេីម្បីពន្លាតសមត្ថកិច្ចដែនដីទៅរាជធានីភ្នំពេញរហូតដល់ម៉ោង​ ១៣:០០ នាទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង​ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ  ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អ៊ុង ដេប៉ូ ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ​ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស  កម្លាំងសមត្ថិកិច្ចបានប្រើវិធានញុះញង់អោយលក់ដោយខុសច្បាប់នូវសាធារតុញៀន ដោយឲ្យឈ្មោះ សៀ វណ្ឌី ធ្វើការទំនាក់ទំនងទៅឈ្មោះ ហង្ស សុគន្ធខេន (ហៅដែន)  ដើម្បីទិញថ្នាំញៀន បន្ទាប់មកឈ្មោះហង្ស សុគន្ធខេន (ហៅដែន) បានណាត់ឈ្មោះ សៀ វណ្ឌី ទៅយកថ្នាំញៀននៅស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។

រហូតដល់ម៉ោង ១៣:៣០ នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ពេលដែលសមត្ថកិច្ចមកដល់កន្លែងណាត់ជួប ជនសង្ស័យជិះម៉ូតូម៉ាកហុងដា C125 ពាក់ស្លាក់លេខ 1ll. 7134 មកម្នាក់ឯង ពេលឃើញសមត្ថកិច្ច ក៏បានផ្តួលម៉ូតូចោលរួចរត់គេចចូលបឹងឈូក ហើយពេលសមត្ថកិច្ចឆែកម៉ូតូរបស់ជនសង្ស័យរកឃើញថ្នាំញៀនចំនួន ០១ កញ្ចប់ ក្រោយមកសមត្ថកិច្ចក៏បានហ៊ុមព័ទ្ធបឹងឈូកនោះក៏ចាប់បានជនសង្ស័យម្នាក់ ឈ្មោះ ស៊ុំ សារិត អាយុ ៣៤ ឆ្នាំមុខរបរចុងភៅ  មានទៅលំនៅភូមិជ្រលង ឃុំជ្រលង ស្រុកក្រគរ​ ខេត្តពោធិ៍សាត់។​

ចំណែកឈ្មោះ ហង្ស សុគន្ធខេន ហៅដែន ភេទប្រុសអាយុ​ ២៧ ឆ្នាំ​ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ  បានរត់គេចខ្លួនបាត់ ៕យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print