សមាគមន៍ដឹកជញ្ជូនតាមដែនអាកាសអន្តរជាតិ(IATA) បានប្រកាសនៅថ្ងៃទី២៩ ខែកក្កដាថា សកម្មភាពដឹកជញ្ជូនតាមដែនអាកាសមិនទាន់អាចវិលត្រឡប់មកដូចដើមវិញនៅមុនឆ្នាំ២០២៤នោះឡើយ ដោយសារតែកូវីដ-១៩។
នៅពេលនេះ(IATA) បានបន្ថយពេលវេលាព្យាករដល់ឆ្នាំ២០២៤ ដោយសារតែការផ្ទុះកូវីដ-១៩ជាលើកទីពីរកើនឡើងខ្ពស់នៅគ្រប់ទិសទីជុំវិញពិភពលោក។ តាមអ្នកឯកទេសសេដ្ឋកិច្ចរបស់(IATA) លោកBrian Pearce បានបញ្ជាក់ថា វិស័យអាកាសចរណ៍កំពុងប្រឈមដំណាក់កាលអាក្រក់បំផុតមិនធ្លាប់មានចាប់តាំងពីខែមេសាឆ្នាំ២០២០មក។ វិស័យអាកាសចរណ៍ នឹងដំណើការដូចដើមនៅពេលដែលពលរដ្ឋនៅអឺរ៉ុប អាមេរិក និងចិន មានទំនុកចិត្តក្នុងការធ្វើជំនួញអាជីវកម្មរបស់ខ្លួនឡើងវិញ។
ការធ្វើដំណើរតាមយន្តហោះនៅលើពិភពលោក ក្នុងខែមិថុនាឆ្នាំ២០២០ បានថយចុះដល់ទៅ៨៦,៥ភាគរយបើប្រៀបធៀបដំណាក់កាលដូចគ្នាឆ្នាំ២០១៩។ ក្នុងចំណោមការហោះហើរ ប្រទេសចិនដំណើរការបានល្អជាងគេ ដោយសារតែការបើកទ្វារសេដ្ឋកិច្ច។ ចំណែកនៅអាមេរិកបានធ្លាក់ចុះដោយសារតែការឆ្លងរាលដាលកូវីដ១៩ នៅតែបន្តកើនឡើងខ្ពស់។
តាមរបាយការណ៍ស្តីពីការហោះហើរនៅលើពិភពលោក ចំនួនជើងហោះហើរក្នុងស្រុកនៅលើពិភពលោកមានតែ ៦២,៩ភាគរយប៉ុណ្ណោះ គឺទាបបំផុត ។ ចំណែកជើងហោះហើរអន្តរជាតិមានតែ ៣៨,៩ភាគរយប៉ុណ្ណោះ៕ដោយ៖ធីរីណា