អាហ្វហ្គានីស្ថាន៖យ៉ាងហោចណាស់ក៏មានមនុស្ស ២៤នាក់ស្លាប់ ក្នុងការបាញ់ប្រហារគ្នា រវាងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថាន និងខ្មាន់កាំភ្លើងរបស់ក្រុមអុីស្លាម IS នៅថ្ងៃទី៣ ខែសីហា ក្នុងមន្ទីរឃុំឃាំងក្នុងទីក្រុង Jalalabad ខេត្ត Nangarhar ភាគខាងកើតប្រទេសនេះ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ការបាញ់ប្រហារកើតឡើងក្រោយមួយថ្ងៃដែល ខ្មាន់កាំភ្លើងក្រុមភេរវកម្ម រដ្ឋអុីស្លាម ប្រមាណ៣០នាក់ វាយប្រហារទៅលើមន្ទីរឃុំឃាំងខាងលើបណ្តាលឲ្យមានអ្នកទោសជាច្រើនរត់ចេញពីគុក។
ការវាយប្រហារពីក្រុមភេរវកម្មរដ្ឋអុីស្លាម ធ្វើឡើងមានបែបបទយុទ្ធសាស្រ្តច្បាស់លាស់ ក្នុងពេលភេរវករវាយប្រហារអត្តឃាតបំផ្ទុះគ្រាប់បែកបំផ្លាញទ្វារមន្ទីរឃុំឃាំង ក្រោយមកភេរវករបានសម្រុកចូលបាញ់សម្លាប់ឆ្មាំការពារ មន្ទីរឃុំឃាំងដែលមានអ្នកទោសប្រមាណ ២ពាន់នាក់ ក្នុងនោះមានអ្នកទោស រដ្ឋអុីស្លាម ប្រមាណ ៣០០នាក់។ កម្លាំងសន្តិសុខក៏បានមកដល់ហើយប៉ះទង្គិចគ្នាអូសបន្លាយជាច្រើនម៉ោង។
ភាគគីរដ្ឋាភិបាលមានមនុស្ស២១នាក់ស្លាប់ក្នុងនោះមានពលរដ្ឋរងរបួស ៤៣នាក់ ។ កម្លាំងប៉ូលិសនិងទាហាន បានខិតខំស្វែងរកចាប់អ្នកទោសមកវិញ។ទីក្រុងJalalabad ពេលនេះស្ថិតនៅក្នុង ស្ថានភាពអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ។
នេះជាអំពើហិង្សាថ្មីបំផុតនៅអាហ្វហ្គានីស្ថាន ។ កាលពីថ្ងៃទី៣១ខែកក្កដា កម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននិងក្រុមតាលីបង់ បានចាប់ផ្តើមអនុវត្ត បទឈប់បាញ់រយៈពេល៣ថ្ងៃ ក្នុងឱកាសនៃពិធីបុណ្យ Eid al-Adhaរបស់សាសនិកអុីស្លាម។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងក្រុមតាលីបង់បន្តរក្សា ដំណើរការពិភាក្សាស្វែងរកសន្តិភាពនៅក្នុងប្រទេសនេះ៕
ដោយ៖ធីរីណា