ខេត្តស្វាយរៀង៖ មានករណីអគ្គិភ័យឆាបឆេះនៅក្នុងរោងចក្រម៉ាស្ទ័រ ប្លេកស្មិតមេថល ផលិតគ្រឿងសង្ហារិមក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុងបណ្ដាលឱ្យកន្លែងស្នាក់នៅរបស់កម្មករជនជាតិចិនធ្វើអំពីដែកប្រក់ស័ង្កសី ឆេះសន្ធោសន្ធៅដែលគេសង្ស័យថាអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់
ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅរោងចក្រ ម៉ាស្ទ័រ ប្លេកស្មិតមេថល ផលិតគ្រឿងសង្ហារិមក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ទីកន្លែងស្នាក់នៅរបស់កម្មករចិនដែលឆាបឆេះនេះមានទំហំ១០០ម៉ែត្រគុណនិឹង៥ម៉ែត្រធ្វើអំពីដែកប្រក់ស័ង្កសីបានខូចខាតទាំងស្រុងប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះគេសង្កេតឃើញមានកម្លាំងមូលដ្ឋានសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិត កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាលស្រុកស្វាយទាប និងនគរបាលក្រុងបាវិតដឹកនាំដោយលោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត ចេញធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៤គ្រឿងនិងប្រើប្រាស់អស់ទឹកចំនួន៤រថយន្ដ។មូលហេតុនៃការឆេះនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទើបបង្កការឆាបឆេះតែម្ដង៕ យឹម សុថាន