ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមុននេះបន្តិច នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ បានមានប្រសាសន៍ថា៖ កូវីដ១៩ បានជំរុញអោយកូនក្មួយកម្មករដាំដុះបន្លែបង្ការបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារនិងទីផ្សារ។
សម្តេចថ្លែងបន្តថា៖ ការងារក្នុងវិស័យឧស្សាកម្ម និងកសិកម្មបានផ្លាស់ប្តូរជីវភាពបងប្អូនប្រជាពលរដ្ឋមួយចំនួនធំនៅខេត្តស្វាយរៀង។ បច្ចុប្បន្ននេះ ថ្វីត្បិតតែការងាររោងចក្រមិនសូវមានភាពល្អប្រសើរដូចកាលពីមុនក៏ពិតមែន ប៉ុន្តែសកម្មភាពនៃការបម្រើការងារបស់បងប្អូនកម្មករកម្មការិនីនៅខេត្តស្វាយរៀងក៏ដូចជាក្រុងបាវិតទាំងមូលគឺនៅដំណើរការជាធម្មតា។
សម្តេចបន្តថា៖ ស្របពេលនឹងការវាយលុកជំងឺកូវីដ១៩ ក្មួយៗកម្មករកម្មការិនីបានឆ្លៀតឱកាសងាកមកដាំដំណាំបន្លែបង្ការផ្សេងៗជាច្រើននៅផ្ទះដើម្បីទប់ទល់ដោះស្រាយជីវភាពគ្រួសារផង និងដើម្បីចែកចាយលក់នៅលើទីផ្សារផងដែរ ដែលបានធ្វើអោយជីវភាពរស់នៅរបស់កូនក្មួយកាន់តែល្អប្រសើរ៕
ដោយ៖ សុខ ខេមរា