ភ្នំពេញ៖ ក្មេងស្រីម្នាក់បានធ្វេីដំណេីរទៅកាន់ប៉ុស្តិ៍នគរបាលសុំកិច្ចអន្តរាគមន៍បន្ទាប់ពីម្តាយចុងបានចោទខ្លួនថាលួចលុយចំនួន២ពាន់រៀលហើយក៏ទាញដុំថ្មគប់មកលើខ្លួនបណ្តាលឲ្យបែកចិញ្ចេីមខាងឆ្វេង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងស្រីរងគ្រោះឈ្មោះ ផាន់នី ម៉ាលី អាយុ១៦ឆ្នាំ សម្រាកការងារ ដោយសាររោងចក្រផ្អាកបណ្តោះអាសន្ន ស្នាក់នៅ ផ្ទះជួលជាមួយបងប្អូនក្នុងភូមិកើតហេតុ មានស្រុកកំណើតនៅភូមិអង្គក្លើ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រងរបួសបែកចិញ្ចើមខាងឆ្វេង ។ ចំណែកម្តាយចុងមានឈ្មោះ សន ស្រីម៉ៅ អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំខេត្តស្វាយរៀង ។ រីឯឪពុកមានឈ្មោះ ភុំ ផានី អាយុ៤០ឆ្នាំ ស្នាក់នៅជាមួយប្រពន្ធចុងនេះនៅក្នុងភូមិជម្ពូវ័ន ។
តាមការរៀបរាប់ពីក្មេងរងគ្រោះបានឲ្យដឹងថា នាងមានបងប្អូនបង្កើត៣នាក់ ប្រុស២នាក់ ស្រី១នាក់ នាងជាកូនទី២ ហើយក្រោយពីម្តាយបង្កើតរបស់នាងស្លាប់ទៅអស់រយៈពេល៦ឆ្នាំមកហើយ ក្រោយមកឪពុករបស់នាងក៏មានប្រពន្ធក្រោយម្នាក់ទៀត គឺឈ្មោះ សន ស្រីម៉ៅ មានកូនក្រោយប្រុសម្នាក់អាយុជាង២ខួបហើយ ។ ក្មេងស្រីរងគ្រោះបន្តទៀតថា តាំងពីឪពុកនាងមានប្រពន្ធក្រោយមក ម្តាយចុងហាក់បីដូចជា មិនស្រឡាញ់ ចូលចិត្តពួកនាងទាំង៣នាក់បងប្អូនឡើយគឺស្នាក់នៅកន្លែងទីទៃពីគ្នា កាលបើឪពុកនាងឲ្យលុយកូនៗពេលណា ម្តាយចុងដឹងតែងតែរករឿងហើយ ។ ភាពគ្មានសុភមង្គលក្នុងគ្រួសារ រវាងម្តាយចុងជាមួយកូនដើមនេះ រហូតមកដល់រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នាងបានទៅសុំលុយឪពុក២ពាន់រៀលដើម្បីទិញពោត ឪពុកឲ្យលុយទិញពោតហូបរួច ម្តាយចុងចូលមកដល់ស្រែកថាបាត់លុយ។ពេលឃើញប្រពន្ធឆោឡោខ្លាំងពេកឪពុកក៏បានយកលុយ២ពាន់រៀលដាក់សងឲ្យប្រពន្ធវិញ តែប្រពន្ធចុងមិននៅស្ងៀម មិនបានស្ងប់អារម្មណ៍ឡើយព្រោះឃើញកូនដើមមកសុំលុយឪពុកបែបនេះ ក៏ចាប់ផ្តើមដំឡើងសំឡេង បំប៉ោងបំពង់ក ស្រែកជេរឡូឡា ឈានដល់នាងជាកូនចុងតបតមាត់ជាមួយធ្វើឱ្យម្តាយចុងកាន់តែឆេះផ្ទុះកំហឹងទ្វេឡើង ស្រវារើសបានដុំថ្មគប់មកលើកូនស្រីដើម បណ្តាលឲ្យរងរបួសហូរឈាមកក្លាក់ ឪពុកជួយចាប់ឃាត់ជាប់ កូនស្រីរត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍ ។
តែបើតាមសម្តីស្ត្រីជាម្តាយចុងវិញ ក្នុងទឹកមុខសម្បើមយក្ស ភ្នែកធំសម្លឹងមុត ហើយប្រាប់យ៉ាងខ្លីថា មកពីកូនចេះតែមកកកូរ កកាយក្នុងបន្ទប់របស់គាត់ពេក ម្តងមករកនេះ ម្តងមករកនោះ ហើយគាត់បាត់លុយសរុបអស់៥មុឺនរៀលហើយ ដោយសារកូនស្រីមួយនេះ មកដល់លើកនេះមកម្តងទៀត បាត់លុយអស់២ពាន់រៀល ទើបទ្រាំលែងបាន កើតបញ្ហាបែបនេះទៅ។
ចំពោះបុរសឈ្មោះ ភុំ ផានី ជាប្តី ជាឪពុក វិញបានឲ្យដឹងថា ក្រោយពីភរិយាដើមគាត់ស្លាប់ទៅ បន្សល់ទុកកូន៣នាក់ ហើយគាត់ក៏មានប្រពន្ធក្រោយម្នាក់ទៀត អស់រយៈពេល៥ឆ្នាំហើយ មានកូនប្រុសម្នាក់ អាយុ២ខួប ស្នាក់នៅផ្ទះជួលចំណុចកើតហេតុ គាត់តឹងទ្រូងស្ទើរបែកទៅហើយ បន្ទុកត្រូវដោះស្រាយក្នុងគ្រួសារនៅលើគាត់ កាលបើនែបនិត្យខាងកូន ខាងប្រពន្ធច្បាស់ជាមិនពេញចិត្ត កាលបើប្រកាន់ខ្ជាប់នែបនិត្យតែខាងប្រពន្ធក្រោយនេះពេក ច្បាស់ហើយកូនៗអត់អីហូបជាមិនខាន ហើយក្រោយកើតរឿងនៅពេលនេះ ក្នុងនាមគាត់ជាប្តី ជាឪពុក សុំតែម្យ៉ាងសម្របសម្រួលគ្នាកុំឲ្យមានថ្ងៃក្រោយទៀត ។
ទោះជាយ៉ាងណាក្តី ករណីហិង្សា ម្តាយចុងវាយកូនដើមបង្កឲ្យរបួសស្នាម ក្រោយពីក្មេងរងគ្រោះរត់មកប្តឹង សមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍ភ្លាមៗ
ដោយបាននាំភាគីខាងម្តាយចុងមកសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ដើម្បីធ្វើការអប់រំណែនាំ ៕ ដោយ៖ សុខាសែនជ័យ