ភ្នំពេញ ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោកវ៉ា សាវឿន ចៅសង្កាត់បានយកគ្រឿងចក្រវាយរបងពង្រីកបើកធ្វើផ្លូវបេតុងថ្មីដើម្បីងាយស្រួលឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និងកាត់បន្ថយកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៣ និងលេខ៤ ។ ការចុះវាយរបងពង្រីកធ្វើផ្លូវខាងលើគឺធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវថ្មីនេះមានប្រវែងជាង១០០០ម៉ែត្រភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ក៏ប៉ុន្តែក្រោយពីសិក្សា ពិភាក្សាពីផលប៉ះពាល់ សម្របសម្រួលជាមួយភាគីរោងចក្រ ឃ្លាំង នៅចំណុចនោះរួចមក ជំហានដំបូងអាជ្ញាធរបានយកគ្រឿងចក្រ មកវាយរបងពង្រីកបើកផ្លូវ ប្រវែង២៧៦ម៉ែត្រសិន ហើយផ្លូវត្រូវធ្វើនេះទៀតសោតមានទទឹង១០ម៉ែត្រដោយមានមានរៀបប្រព័ន្ធលូផង ។
ទោះជាយ៉ាងណាក្តី ដោយមានកិច្ចអភិវឌ្ឍជាបន្តបន្ទាប់ក្នុងមូលដ្ឋានឃើញថាគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ពិសេសផ្លូវថ្នល់ ឃើញថា អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មានគម្រោងជាបន្តបន្ទាប់ក្នុងការស្ថាបនាផ្លូវទាំងក្នុងមូលដ្ឋាន ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ៕ដោយ៖ សុខាសែនជ័យ