ខេត្តព្រះវិហារ៖ រយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០២០ នៅដែនជម្រកសត្វព្រៃព្រះរកា-ឆែប មន្រ្តីប្រចាំស្នាក់ការថ្មកែវ សហការជាមួយនគរបាលឃុំឆែបពីរ ចុះល្បាតនៅចំណុចណារ៉ុង អូរតាឡះ ទួលកំបោរ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ បានជួបការកាប់រុករានដីប្រហែលបណ្តោយ២០ម៉ែត្រគុណ៣០ម៉ែត្រ និងដកកូនឈើទើបដាំថ្មីចំនួន១២ដើម ព្រមទាំងបានដាក់ស្លាកសញ្ញាហាមឃាត់បានចំនួន៥ស្លាកសញ្ញាផងដែរ។
ដោយឡែកនៅថ្ងៃទី៥-៩ ខែសីហា ឆ្នាំ
២០២០ មន្រ្តីប្រចាំស្នាក់ការដំរីបូត បានចុះល្បាតនៅចំណុច អូរទឹកថ្លា លេខបូកអូរទឹកខ្មៅ វាលកើប ថ្មជញ្ជាំង ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ដោយចាប់ដកហូតបានអាវុធកែច្នៃ ចំនួន២ដើម និងអន្ទាក់ខ្សែកាប្លិ៍ចំនួន៥០ខ្សែ។ វត្ថុតាងទាំងអស់នេះ ត្រូវបានយកមករក្សាទុកនៅស្នាក់ការដំរីបូត។
ចំណែកនៅដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព មន្រ្តីប្រចាំស្នាក់ការព្រៃវែង មន្ត្រីប្រចាំតំបន់ការពារទេសភាពព្រះវិហារ មន្ត្រីប្រចាំតំបន់ការពារទេសភាពប្រាសាទបាកាន និងមន្ត្រីប្រចាំស្នាក់ការតាសែង បានចុះល្បាតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដោយមិនបានជួបប្រទះនឹងបទល្មើសអ្វីនោះទេ៕
ដោយ៖ សិលា