ជនជាតិដើមភាគតិចព្រៅនៅភូមិការតូតនាំគ្នារំលឹកប្រពៃណីវប្បធម៌របស់ខ្លួន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ជនជាតិដើមភាគតិចព្រៅ នៅភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង បាននាំគ្នាធ្វើពីធីសែនព្រេន ឡើងក្បាលស្រែដល់អ្នកតាភ្នំ ដើម្បីសុំសេចក្តីសុខ  បង្ហាញពីប្រពៃណី ទំនៀមទំលាប់របស់ខ្លួន សំរាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ នឹងជួយបន្តអភិរក្ស។
ក្នុងពិធីសែនក្បាលស្រែដល់អ្នកតាភ្នំ នៅភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលចុងសប្តាហ៍នេះ លោកវណ្ណវែង គណៈកម្មការសមាគមន៍ជនជាតិព្រៅតំណាងឱ្យចាស់ទុំ (មេកញ្ទ្រាញជនជាតិព្រៅ)ដែលបានដឹកនាំពិធីសែនឡើងក្បាលស្រែដល់អ្នកតាភ្នំបានបញ្ជាក់ថា៖ពិធីសែនព្រេននេះ បងប្អូនជនជាតិព្រៅ ក្នុងភូមិសុំឱ្យមានសេចក្តីសុខចម្រើនកូនចៅរស់នៅក្នុងភូមិកុំឱ្យកើតជំងឺឈឺថ្កាត់ ទោះបីថាផ្នែក សម្ភារសំលៀកបំពាក់ ភាសា ត្រូវបានប្រែក្លាយអស់ទៅហើយក៏ដោយ តែពិធីសែនព្រេននេះមិនបោះបង់ទេ។

លោកបន្ថែមថា​តាំងពីឆ្នាំ១៩៩០មក បងប្អូនជនជាតិមួយចំនួន បានបាក់បែងចែកភូមិទៅរស់នៅផ្សេងៗពីគ្នាតែការគោរពប្រពៃណីរបស់ជនជាតិ (ព្រៅ -ព្នង -គួយ -ទំពួន -ចារាយ- ស្ទៀង- គ្រឹង)បានធ្វើពិធីនេះដូចគ្នាជាពិសេសការសែនព្រេនឡើងក្បាលស្រែសុំឱ្យដំណាំ ស្រែចំការ ច្បារដំណាំជៀសផុតពីសត្វចង្រៃស៊ីបំផ្លាញដើម្បីបាកភោគផលច្រើន។

លោក  តា យុងងន អាយុ៨៥ឆ្នាំ ជនជាតិព្រៅនៅភូមិការតូតនេះបានលើកឡើងថា​ពិធីនេះមិនខុសពីបងប្អូនខ្មែរធ្វើពិធីសែនព្រេននៅតាមចំការនោះទេ  គ្រាន់បងប្អូនជនជាតិ បាននាំគ្នាធ្វើនៅរោងអ្នកតា ជាទីកន្លែងគោរពបូជា និងធ្វើផ្តុំគ្នាមិនមែនធ្វើម្នាក់ម្តងទេ។

លោកតាថា៖លើកនេះក៏ដូចសព្វដងដែរ មេកន្ទ្រាញតែងកោះហៅទាំងក្មេងចាស់ប្រុសស្រី ប្រមូលគ្នាយកអាហារ នំចំណី  មកជួបជុំសែនព្រេន នៅចំពោះមុខអ្នកតាភ្នំ មានមាន់ អង្ករ បង្អែម អន្សម យកមកថ្វាយអារក្ស អ្នកតា៣-អារក្ស៤ ដូចថា អារក្សនាងតែង អ្នកតា ចំការ(នាងណយ) អ្នកតាស្រែ(តាដាំឌួង) គេហៅគេប្រាប់ឈ្មោះ ដើម្បីជួយឱ្យបានសុខសម្បាយទាំងអស់គ្នា។

អ្នកស្រីវេង សារឿន ជាជនជាតិព្រៅនៅភូមិនេះដែរបានបញ្ជាក់ថា៖កូនចៅជនជាតិមិនដែលមើលរំលង ប្រពៃណីរបស់ខ្លួនទេ តែងគោរពតាមចាស់ទុំ ដឹកនាំ ធ្វើពិធីដែនព្រេនជារៀងរាល់ឆ្នាំ ព្រោះនិយមថាពេលធ្វើហើយទទួលបានសេចក្តីសុខចម្រើន ក្នុងការរស់នៅ និងដំដុះណាំដាំផ្សេងៗដាក់ចុះដុះឡើងបានផ្លែផ្កា ។

សូមបញ្ជាក់ថា៖ បងប្អូនជនជាតិបានធ្វើពិធីសែនឡើងក្បាលស្រែ អ្នកតាភ្នំនេះគឺសុំសុខចម្រើន សែនស្រូវឡើងជង្រុកទុកភោគផលឱ្យគង់វង្ស​ សែនប្រយុងស្រែឱ្យអ្នកតាជួយការពារកុំឱ្យមានសត្វចង្រៃយារយីរនិងសែនលាបំណន់សងកុំឱ្យមានជាប់ជំពាក់បំណុលជាដើម៕

ប្រភព៖ AKP

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print