តើលោកអ្នកមានគម្រោងទៅកម្សាន្តនៅកន្លែងណាក្នុងពេលឈប់សម្រាកខាងមុខនេះហើយឬនៅ..តោះ«ទឹកធ្លាក់អូរជាំ»

ចែករំលែក៖

ខេត្តបាត់ដំបង៖ អង្គភាពមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានបង្ហាញពីតំបន់កម្សាន្តទឹកធ្លាក់អូរជាំ។ ទឹកធ្លាក់អូរជាំ ស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង មានចំងាយប្រមាណ១០០ គីឡូម៉ែត្រពីក្រុងបាត់ដំបង។
សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល។ នៅទីនោះមានដើមឈើធំៗចម្រុះ ផ្តល់នូវម្លប់យ៉ាងត្រជាក់ និងខ្យល់អាកាសបរិសុទ្ធល្អ។ ទឹកធ្លាក់ចុះមកពីលើភ្នំដែលមានប្រភពមកពីបឹងដ៏ធំមួយទំហំប្រមាណជាង២ហិចតា លើកំពូលភ្នំដែលអ្នកនៅតំបន់នោះហៅថាបឹងទន្លេផែន ហូរកាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ ដែលបង្កើតអោយទឹកមានសភាពថ្លាឆ្វង់ និងត្រជាក់ដូចទឹកអម្រិត។ ទីតាំងដ៏អំណោយផលនេះ បានផ្តល់នូវបរិស្ថានដ៏ប្រសើរចំពោះការរស់នៅរបស់មច្ឆា បក្សាបក្សី ប្លែកៗគួរជាទីគយគន់។ ទីភ្នំខ្ពស់ៗអមដោយរុក្ខជាតិ និងស្មៅដុះខៀវខ្ចី បានបង្កើននូវថាមពលដល់ភ្ញៀវទេសចរដែលទៅកម្សាន្តសប្បាយ។

សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ផ្តល់នូវសេវាកម្មដល់ភ្ញៀវទេសចរជាច្រើនដូចជា: សេវាស្នាក់នៅ សេវាម្ហូបអាហារ និងភេសជ្ជៈ សេវាមគ្គុទេសក៍ទេសចរណ៍សហគមន៍។ ដូចនេះភ្ញៀវទេសចរមិនបាច់បារម្មណ៍ថាខ្វះខាតអ្វីឡើយ។
សកម្មភាពកម្សាន្តនានាក្នុងសហគមន៍នេះមានដូចជា៖
– ការដើរទស្សនាកម្សាន្តតាមលើភ្នំ និងទឹកជ្រោះដែលមានច្រើនដំណាក់និងផ្តល់នូវរសជាតិអារម្មណ៍ប្លែកៗពីគ្នា
– ការងូតទឹកជ្រោះកម្សាន្ត
– ការពិសារអាហារប្លែកៗក្នុងតំបន់ ដែលចំអិនដោយប្រើប្រាស់វត្ថុធាតុដើមក្នយងសហគមន៍ផ្ទាល់
– ការបោះតង់ស្នាក់នៅប្រកបសុវត្ថិភាពខ្ពស់
– ការទស្សនាហ្វូងមេអំបៅ
– ការកម្សាន្តពេលរាត្រី ដុតភ្នក់ភ្លើងជាក្រុមៗ
– ការសិក្សា ស្រាវជ្រាវ ស្វែងយល់ ពីសហគមន៍
– ការទទួលបាននូវបទពិសោធន៍ថ្មីប្លែក ជាមួយនឹងធម្មជាតិនៃបេះដូងរបស់ស្រុកសំឡូត។
សូមចូលរួមការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ទាំងអស់គ្នា៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print