លោក ម៉ម ប៊ុនហេង ប្រកាសមិនបន្ធូរដៃក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ឡើយ ដើម្បីទប់ស្កាត់កុំឲ្យឆ្លងចូលសហគមន៍

ចែករំលែក៖

ភ្នំពេញ៖ យើងនឹងបន្ដខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ដបន្ថែមទៀត ដោយមិនបន្ធូរដៃឡើយ ដើម្បីការពារប្រទេសយើង ឆ្លងផុតពីការរាតត្បាតជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងបែបនេះ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០
ក្នុងឱកាសអញ្ជើញជាអធិបតី ដាំដើមឈើ៣៥០ដើម នៅក្នុងបរិវេណទីតាំងទី៣ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល។
យើងត្រូវតែចូលរួមគ្នាលះបង់កម្លាំងកាយចិត្ដ និងស្មារតីទាំងអស់គ្នា ដើម្បីការពារប្រទេសយើង ឱ្យផុតពីការឆ្លងរាតត្បាតជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ ប៉ុន្ដែសំខាន់បំផុតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ជាពិសេសអ្នកកំពុងស្ថិតនៅកំលុងពេលចត្ដាឡីស័ក សូមគោរពទៅតាមការណែនាំ របស់វេជ្ជបញ្ជារបស់គ្រូពេទ្យ និងអនុវត្ដន៍វិធាននៃការចត្ដាឡីស័ក ដោយស្មារតីទទួលខុសត្រូវផងដែរ។ នេះជាលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងន័យប្រយុទ្ធប្រឆាំងជានិច្ច និងជំងឺកូវីដ-១៩។
លោក ម៉ម បុនហេង រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា៖ ហានិភ័យនឹងអាចកើតមានឡើងគ្រប់ពេល ដោយសារយើងម្នាក់ៗធ្វើចលនាគ្រប់ទីកន្លែង ដូច្នេះហើយ ទើបទាមទារឱ្យពលរដ្ឋស្វែងយល់ឱ្យច្បាស់ ពីវិធានការការពារ ទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយក្រសួងសុខាភិបាល និងមន្ដ្រីពាក់ព័ន្ធទាំងអស់ នៅតែបន្ដពង្រឹងវិធានការការងារ ការរុករក និងចាប់ឱ្យជាប់ភ្លាមៗនៅនឹងកន្លែង ពិសេសនៅតាមព្រលានយន្ដហោះ និងច្រកព្រំដែនចេញចូលទាំងអស់ ព្រោះករណីកូវីដ១៩កន្លងមកនេះ សុទ្ធតែជាករណីនាំចូល។

លោករដ្ឋមន្ត្រីបន្តថា៖ ទោះអ្នកដំណើរមកពីក្រៅប្រទេស ចូលមកកម្ពុជាច្រើនឡើងៗក្នុងមួយថ្ងៃៗ ក៏មន្ដ្រី សុខាភិបាល បានរៀបចំកម្លាំងក្រុមការងារជាក្រុមៗរួចជាស្រេច ដើម្បីត្រួតពិនិត្យសុខភាពឱ្យបានគ្រប់ៗគ្នា ដោយមិនឱ្យមានការខ្វះចន្លោះ នេះជាការងារសំខាន់ ដែលយើងតែងតែធ្វើតាមព្រលានយន្ដហោះ និងទល់ដែនជាច្រកចេញចូលកកន្លងមក។
សូមជម្រាបជូនថា៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន ១៥នាក់ថ្មីទៀត ១៣នាក់ជាជនជាតិចិន ២នាក់ជាជនជាតិខ្មែរ, ព្យាបាលជាសះស្បើយបានម្នាក់ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print