លោក ខៀវ កាញារីទ្ធ បិទវគ្គសិក្សាបច្ចេកទេសទូរទស្សន៍ ផ្សាយផ្ទាល់តាមប្រព័ន្ធDigital Smart Phone លើកទី១

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបានដំណើរការអស់រយៈពេលពេលមួយថ្ងៃពេញរួចមក វគ្គសិក្សាបច្ចេកទេស ទូរទស្សន៍ ផ្សាយផ្ទាល់តាមប្រព័ន្ធ Digital Smart Phone លើកទី១ ដែលរៀបចំឡើងដោយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានប្រារព្ធពិធីបិទ និងប្រគល់លិខិត បញ្ជាក់ការសិក្សា ជូនដល់សិក្ខាមទាំងអស់ នៅរសៀលថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០២០ នាស្ទីតយោ ទូរទស្សន៍ ជាតិកម្ពុជា ក្រោមវត្តមានអញ្ជើញជាអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន។

វគ្គបណ្តុះបណ្តាលពេញមួយថ្ងៃនេះ បានប្រព្រឹត្តទៅ ដោយមានការធ្វើបទបង្ហាញពីគ្រូ បង្គោល ដែលជាមន្រ្តីផ្នែកបច្ចេកទេស របស់ទូរទស្សន៍ជាតិកម្ពុជា មានចំណេះជំនាញ ឌី ជី ថល ធ្វើការចែករំលែកពីបទពិសោធន៍ច្បាស់លាស់ មិនត្រឹមតែពីការផ្សាយ ទូរទស្សន៍តាម ប្រព័ន្ធ ឌីជីថល តែប៉ុណ្ណោះទេ ប៉ុន្តែនេះជាចំណេះដឹងដ៏មានសារៈសំខាន់ ទាន់សម័យកាល ឌីជីថល ដែលនឹងយកទៅអនុវត្តផ្ទាល់ នៅក្នុងការងារប្រចាំថ្ងៃដើម្បីបម្រើស្ថាប័ន រាជរដ្ឋា ភិបាល និងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ទស្សនិកជន។

បន្ទាប់តំណាងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាល ឡើងធ្វើរបាយការណ៍ សង្ខេបពី លទ្ធផល ដែលទទួលបាន និងសម្មភាពការងារសំខាន់ៗក្នុងវគ្គសិក្សានេះរួចមក លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានលើកឡើងថា ទូរទស្សន៍ជាតិកម្ពុជា បានធ្វើការ វិវឌ្ឍខ្លួនជាបន្តបន្ទាប់ ដើម្បីឲ្យទាន់នូវការវិវឌ្ឍនៃបច្ចេកវិទ្យា ឌីជីថល សម័យទំនើបដើម្បី បម្រើ ប្រមុខ ថ្នាក់ដឹកនាំក៏ដូចជាដើម្បីបំរើជាតិ និងប្រជាពលរដ្ឋនូវវិស័យផ្សព្វផ្សាយ ព័ត៌មាន តាមទូរទស្សន៍ និងតាមបណ្តាញសង្គមនានា។ រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា បានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ ដែលបានចាប់ផ្តើមផ្លាស់ប្តូរ បច្ចេកទេស ទាំងការផលិត និង ការផ្សាយពី ប្រព័ន្ធ Analog – SD ទៅប្រើប្រាស់ប្រព័ន្ធ ឌីជីថល Full HD ដោយក្នុងនោះ នាពេលកន្លងមកបានផ្តោតសំខាន់ទៅលើ ព័ត៌មានជាតិ និងអន្តរជាតិ ដែល ខ្លី ខ្លឹម និងរហ័ស ទាន់ហេតុការណ៍ ផ្សាយផ្ទាល់តាមរយ: ម៉ាស៊ីន live U គ្រប់សកម្មភាព របស់ ថ្នាក់ដឹកនាំកំពូល ព្រមទាំងសកម្មភាព សម្តេច តេជោ ទាំងក្នុង និងក្រៅប្រទេស និងកម្មវិធី ព្រឹត្តិការណ៍សំខាន់ៗ របស់ជាតិ ដែលពីមុន ទទក មិនធ្លាប់មាន។

លោកអគ្គនាយក ទទក បានលើកឡើងដែរថា សម្រាប់វគ្គបណ្តុះបណ្តាលនាឱកាសនេះ មិនត្រឹមតែជួយឲ្យសិក្ខាកាម យល់ដឹងបន្ថែមនូវអ្វីដែលខ្លួនមាននោះទេ គឺបានផ្តល់ផល ប្រយោជន៍ថែមទាំងជួយដល់ទស្សនិកជន ស្របតាមសម័យកាលរីកចម្រើននៃប្រព័ន្ធ ឌីជីថល នាពេលបច្ចុប្បន្ន។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងការរីករាយដោយឃើញពីលទ្ធផលល្អ ដែល សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹង និងជំនាញ​ស្តីពីការបញ្ជូនព័ត៌មានតាម ទូរស័ព្ទដៃ ស្មាតហ្វូន សម្រាប់ប្រព័ន្ធទូរទស្សន៍ ឌីជីថល ។ លោករដ្ឋមន្រ្តី បានលើកថា ៖នៅក្នុងសម័យនេះ ត្រូវតែមានការយល់អោយបានច្បាស់ពីប្រព័ន្ធ ឌីជីថល ទោះមានសំភារះ និង ប្រពន្ធ័ប្រើប្រាស់ តូចក្តី តែក៏អាចប្រើការបានដែរ ជាក់ស្តែងកាលពីមុន សម្រាប់ការ ថត រូបភាព ទាល់តែមាន កាមេរ៉ា ធំៗ ទើបថតយកមកផ្សាយនៅទូរទស្សន៏បាន តែឥឡូវ គ្រាន់តែ ទូរស័ព្ទដៃស្មាតហ្វូន ក៏អាចថតផ្សាយបានដែរ ហើយបានឆាប់រហ័សថែមទៀតផង។ លោកក៏បាន បានជម្រាបជូន ដែរថា នៅពេលគេប្រើប្រព័ន្ធ ៥ G ពេលនោះ ទូរស័ព្ទដៃស្មាតហ្វូន អាចប្រើប្រាស់បាន ជំនួស ម៉ាស៊ីន live U ។ ដូច្នេះអ្វីដែលសំខាន់ពេលនេះ គឺយើងត្រូវចេះប្រើប្រាស់នូវអ្វីដែលមានក្នុង ដៃអោយអស់លទ្ធភាពជាមុនសិន ដោយមិនត្រឹមតែការងារបច្ចេកទេស ប៉ុណ្ណោះទេ គឺ ត្រូវធ្វើយ៉ាងណា ចេះរបៀប តើមុំណា ក្នុងការយកព័ត៌មាន ដែលមានការចាប់អារម្មណ៏ ។ លោក ខៀវ កាញារីទ្ធ បានគួសបញ្ជាក់ថា នៅពេលដែលនិយាយពីទូរទស្សន៍ ឌីជីថល គឺមិនមែន និយាយពីទូរទស្សន៍ផ្សាយតាម រលកធាតុអាកាសប៉ុណ្ណោះទេ ព្រោះឥឡូវព័ត៌មាន បានចេញ

ពីគ្រប់ប្រភពទាំងអស់ ដោយអាចមើល តាមប្រពន្ធ័ Internet និងតាមផ្នែកជាច្រើនផ្សេងទៀត។ ដូច្នេះសម្រាប់ ឱកាសនេះ គឺការរៀនសូត្រ អោយមានជំនាញច្ចេកទេស ក្នុងការជម្រុញព័ត៌មាន អោយបានឆាប់ដល់ដៃប្រជាជន ហើយត្រូវយល់ច្បាស់ថា ការងារព័ត៌មាន មិនអាចធ្វើតែម្នាក់ ឯងបានល្អនោះទេ គឺទាមទារអោយមានការរួមសហការគ្នា ទើបទទួលបានជោគជ័យ។ តាម រយះ វគ្គបណ្តុះបណ្តាលនេះដែរ នៅពេលត្រឡប់ទៅអង្គភាព ខ្លួនវិញ ត្រូវធ្វើការចែករំលែក នូវ បទពិសោធន៍ ចំណេះដឹងជំនាញ ដល់អ្នកដែលមិនបានមករៀន ហើយអ្វីដែលមិនយល់ ច្បាស់ ត្រូវសួរគ្នាទៅវិញមក ក៏ដូចជាគ្រូ ឧទ្ទេសនាម ដែលមានបទពិសោធន៍ទើបអាច ធ្វើកិច្ច ការងារបានល្អ។

គួរបញ្ជាក់ដែរថា នេះទី១ហើយ ដែលអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា រៀបចំវគ្គ បណ្តុះបណ្តាលស្តីពីការផ្សាយផ្ទាល់តាមប្រព័ន្ធ ឌីជីថល ក្នុងគោលបំណងចែករំលែកបទ ពិសោធន៍ពីមន្ត្រីជំនាញ ដែលជារៀមច្បងមានបទពិសោធន៍ច្បាស់លាស់ បានសិក្សាស្រាវ ជ្រាវ និង អនុវត្តជា បន្ត បន្ទាប់មក ជួយធ្វើការចែករំលែកនូវចំណេះដឹង និងចំណេះធ្វើដល់ សិក្ខាកាមដែលជាមន្ត្រីវ័យក្មេងនៅក្នុង អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា និងមន្រ្តីរាជការ មកពីមន្ទីរព័ត៌មាន នៅទូទាំងប្រទេស។

វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែជួយឲ្យសិក្ខាកាមយល់ ដឹងបន្ថែមស្តីពីការផ្សាយ ទូរទស្សន៍តាមប្រព័ន្ធ ឌីជីថល តែប៉ុណ្ណោះទេប៉ុន្តែនេះជាចំណេះដឹង ដ៏មានសារៈសំខាន់ ទាន់ សម័យកាល ឌីជីថល ដែលនឹងយកទៅអនុវត្តផ្ទាល់នៅក្នុងការ អនុវត្តការងារប្រចាំថ្ងៃដើម្បី បម្រើស្ថាប័នរាជរដ្ឋាភិបាលនិងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ទស្សនិកជន៕

ប្រភព៖ ទទក

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print