លោកផ្កាយ១ម្នាក់ជាអនុប្រធាននាយកដ្ឋាន​ បានគំរាមផ្ទុះអាវុធក្នុងហាងវិមានព្រិល​ ក្នុងខណ្ឌចំការមន​ សង្ស័យសុំស្នេហ៍ម្ចាស់ហាងមិនបានដូចបំណង

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ​
ឈានចូលថ្ងៃទី១២​ ខែសីហា ឆ្នាំ២០២០ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយចេញពីហាងផឹកស៊ីវិមានព្រិល​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៦៣​ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន​ ដោយមានបុរសម្នាក់ស្លៀកពាក់ស៉ីវិលដែលគេស្គាល់ថាជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) បានជិះរថយន្តម៉ាក​ឡិចសុីស​ ពណ៌ស្ករ ស្លាកលេខ​ នគរបាល 2-7119 បានចូលទៅក្នុងហាងផឹកស៊ីខាងលេី​ ហើយក៏ស្រាប់តែផ្ទុះហិង្សាជាមួយម្ចាស់ហាងនិងបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក់មួយដើមគំរាមបាញ់ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលម្នាក់ៗរត់ចែកជើងគ្នា និងរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកធ្វើអន្តរាគមន៍ភ្លាមៗផងដែរ​ ។

​ ក្រោយពេលសមត្ថកិច្ចចុះទៅដល់ភ្លាមជនបង្កបានឡើងរថយន្តបើកគេចចេញពីកន្លែងកើតហេតុ ធ្វើឱ្យសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងនគរបាលខណ្ឌចំការមនធ្វើការដេញតាមរហូតដល់សង្កាត់ច្បារអំពៅផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ទើបឃាត់រថយន្តនោះបាន ក៏នាំខ្លួនលោកផ្កាយ១នោះមកកាន់អធិការដ្ឋានខណ្ឌចំការមនដើម្បីសាកសួរ។

​ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនបង្កនោះបានចូលមកផឹកស៊ីក្នុងហាងវិមានព្រិលខាងលើ លុះមួយសន្ទុះក្រោយមកស្រាប់តែមានទំនាស់ជាមួយម្ចាស់ហាងដែលគេសង្ស័យផ្តើមចេញពីសុំស្នេហ៍ម្ចាស់ហាងមិនបាន ទើបបង្កជាទំនាស់ឈានដល់ដកកាំភ្លើងខ្លីគំរាមបែបនេះ។

​ ក្រោយពេលបញ្ជូនជនបង្កនោះមកដល់អធិការដ្ឋាននគរបាលខណ្ឌចំការមនហើយ សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជននេះឱ្យដឹងថាមានឈ្មោះ ជិន សាមីឌី អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយត្រី (ផ្កាយ១) មានទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

​ បច្ចុប្បន្នជនបង្កខាងលើសមត្ថកិច្ចខណ្ឌចំការមនកំពុងតែសាកសួរបន្ថែម រីឯស្រ្តីម្នាក់ដែលជាម្ចាស់ហាងខាងលើក៏ត្រូវបានសមត្ថកិច្ចអញ្ចើញមកកាន់អធិការដ្ឋានខណ្ឌចំការមនផងដែរ ដើម្បីសាកសួររកមូលហេតុដែលផ្តើមចេញពីអ្វីឱ្យពិតប្រាកដ៕ដោយ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print