ខេត្តពោធិ៍សាត់ ៖ ប្រភពព័ត៌មានពីនគរបាលស្រុកក្រគរ នារសៀលថ្ងៃព្រហស្បតិ៍៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នេះថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឈើតុំ បានឃាត់ខ្លួនមេជាងសំណង់ម្នាក់គ្រាដែលបម្រុងឡើងជិះរថយន្តគេចខ្លួន ដោយធ្វើតាមបណ្ដឹងរបស់ម្ចាស់បំណុលពាក់ព័ន្ធករណីឆបោក ។
ប្រភពព័ត៌មានខាងលើបន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ណន ស្មី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមេជាងសំណង់ បច្ចុប្បន្ន ស្នាក់នៅភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺជាការអនុវត្តតាមបណ្ដឹងរបស់ម្ចាស់បំណុលឈ្មោះ ឈួក រីណា ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ឈ្មោះ វ៉ា សុភាព ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ឈ្មោះ លន់ យៀក ភេទប្រុស រស់នៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ និងឈ្មោះ រឿន លាង ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយប្តឹងថា ឈ្មោះ ណន ស្មី ជំពាក់លុយរបស់ពួកគាត់ ហើយបម្រុងឡើងជិះរថយន្តគេចខ្លួនមិនទទួលខុសត្រូវសងបំណុល ទើបប្ដឹងសមត្ថកិច្ចនគរបាលឲ្យឃាត់ខ្លួន ។
ប្រភពដដែលបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើសមត្ថកិច្ចបានកសាងសំណុំរឿងនិងរាយការណ៍ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីសូរនាំ និងបំពេញនីតិវិធី ៕
ដោយ÷បុឹម ពិន