សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» តម្លៃជាង ៤៤លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូតទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញទស្សនកិច្ច និងបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

មុននឹងចាប់ផ្តើមកម្មវិធី សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទស្សនាសួនទឹកកម្សាន្ត «ហ្គាឌិនស៊ីធី» តាមការបង្ហាញពីម្ចាស់គម្រោងអភិវឌ្ឍដោយលោកឧកញ្ញ៉ា លី យ៉ុង ផាត់ ។ សួនទឹក «ហ្គាឌិនស៊ីធី» នេះ គឺជាកន្លែងលេងទឹកកម្សាន្តដ៏ធំ និងដំបូងគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានសាងសង់ឡើងនៅតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាតំបន់អភិវឌ្ឍន៍រណបមួយភាគខាងជើងឈាងខាងកើតរាជធានីភ្នំពេញ។ សួនទឹក «ហ្គាឌិនស៊ីធី» ត្រូវបានបោះទុនវិនិយោគសរុបជាង ៤៤លានដុល្លារអាមេរិក។ សួនទឹកនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីជាង ៨ហិកតា ដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅខែកក្កដា ឆ្នាំ២០២០។ សួនទឹកនេះ មានឧបករណ៍សម្រាប់លេងកម្សាន្តទាំងអស់ចំនួន៣៨ ដែលទាន់សម័យ និងមានគុណភាពល្អ ដោយបាននាំចូលពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ ឧបករណ៍លេងកម្សាន្តទាំងនេះ ត្រូវបានរចនាឡើងសម្រាប់មនុស្សគ្រប់វ័យទាំងវ័យកុមារ ជំទង់ យុវវ័យ និងវ័យចំណាស់ផងដែរ។ ឧបករណ៍កម្សាន្តទាំងនេះមានដូចជា៖ ឋានសួគ៌រលក (ធំជាងគេនៅអាស៊ាន), អាណាចក្រទឹក (ធំជាងគេនៅអាស៊ាន), ឋានសួគ៌កុមារ, ទន្លេមេគង្គ, ស្គីរលក និងជ្រលងទឹកគួច។

ក្រៅពីមានកន្លែងលេងទឹកហើយនោះនៅក្នុងសួននេះ ក៏មានភោជនីយដ្ឋានបម្រើអាហារដ្ឋានមានទាំងអាហារខ្មែរ បារាំង និងកញ្ចុសសម្រាប់អង្គុយលេងកម្សាន្ត។ សួនទឹកនេះមានបុគ្គលិកបម្រើការរហូតដល់ទៅ ២៣០នាក់ ហើយសម្រាប់តម្លៃសំបុត្រចូលលេងកម្សាន្តវិញ មនុស្សធំតម្លៃ ១៥ដុល្លារអាមេរិក កូនក្មេង និងមនុស្សចាស់តម្លៃ ៩ដុល្លារ។ បើកដំណើរការពីម៉ោង ១០ព្រឹក ដល់ម៉ោង ៦ល្ងាច។

សម្តេចតេជោ ហ៊ុន សែន ពិតជាមានមោទនភាពដែលកម្ពុជាយើងមានសួនទឹកកម្សាន្តដ៏ទំនើបបែបនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ក្រុមហ៊ុនវិនិយោគរបស់លោកឧ កញ្ញ៉ា លី យ៉ុងផាត់ ដែលបានមកវិនិយោគនៅក្នុងតំបន់នេះ ដែលពីមុនជាតំបន់មិនមានការអភិវឌ្ឍអ្វីនោះទេ ហើយក៏ជាតំបន់ពួនស្ទាក់របស់ពួកខ្មែរក្រហមក្នុងការត្រៀមវាយឆ្មក់ចូលទីក្រុងភ្នំពេញផងដែរ តែពេលនេះនៅតំបន់នេះ យើងមានទាំងសណ្ឋាគារផ្កាយ៥  ,សួនសត្វ , សួនទឹក, ជាពិសេសទឹកដីនៅទីនេះក៏បានជ្រើសរើសជាកន្លែងសាងសង់វិមានឈ្នះឈ្នះ ដែលតំណាងអោយការបញ្ចប់សង្គ្រាមនៅកម្ពុជា ព្រមទាំងទឹកដីនៅទីនេះយើងក៏បានជ្រើសរើសម្រាប់សាងសង់ពហុកីឡដ្ឋានអន្តរជាតិ សម្រាប់ត្រៀមរៀប Sea Game ឆ្នាំ២០២៣ខាងមុខផងដែរ។

ទាក់ទងនឹងវិធានការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ សម្តេចេជោ ហ៊ុន សែន បានរំលឹកដាស់តឿនដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នក្នុងពេលដែលទទួលបានការឈប់សម្រាកសងជំនួសការឈប់សម្រាកចូលឆ្នាំខ្មែរដែលមានចំនួន ៥ថ្ងៃ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវអោយអាជ្ញាធរ កងកម្លាំងសមត្ថកិច្ចត្រូវចូលរួមការពារសេចក្តីសុខសុវត្តិភាពប្រជាពលរដ្ឋក្នុងថ្ងៃឈប់សម្រាកនេះ ហើយក្នុងនោះក្រសួងសុខាពិបាល , ក្រសួងទេសចរណ៍ និងផ្នែកពាក់ព័ន្ធដ៏ទៃទៀត ត្រូវតាមដានស្ថានភាព និងទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩នេះអោយបានហ្មត់ចត់បំផុត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវអោយពលរដ្ឋរក្សាសុវត្ថិភាពផ្ទាល់ខ្លួនឯង ក្នុងនោះរមណីដ្ឋាន ,ភោជនីយដ្ឋាន ត្រូវតែធានាអោយបាននូវអនាម័យល្អ ដើម្បីកុំឆ្លងជម្ងឺកូវីដ១៩ នេះអោយសោះ ជាពិសេសធានាអោយបានថាក្រោយថ្ងៃឈប់សម្រាកមិនមានអ្នកឆ្លងកូវីដ១៩ក្នុងសហគមន៍។ ជាមួយគ្នានោះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាអោយបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ កុំអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលឈប់សម្រាកប៉ុន្មានថ្ងៃនេះ គឺត្រូវបើកបរដោយមានការប្រុងប្រយ័ត្ននឹងគ្មានជាតិស្រវឹង។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសេចក្តីសុខ សុវត្ថិភាព និងជូនពរឱ្យសួនកំសាន្តនេះ ដំណើរការដោយភាពរលូននិងជោគជ័យ បន្ទាប់មកសម្តេចតេជោ បានប្រកាសបើកសាកល្បងសួនទឹក «ហ្គាឌិនស៊ីធី» ចាប់ពីពេលនេះតទៅ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print