សម្តេចតេជោ​ ហ៊ុន​ សែន៖ អង្គការខុមហ្វ្រែល ធ្វេីការស្ទង់មតិ​ ហេីយមហាជនដ៏ច្រេីនលេីសលប់​ គាំទ្រការចាប់ខ្លួនជនពាក់ព័ន្ធ​ ដែលនិយាយបំផ្លេីសរឿងព្រំដែន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍រឿងព្រំដែន​ ខណៈ​អង្គការក្រៅរដ្ឋាភិបាល​ Comfrel ធ្វេីការស្ទង់មតិ​ ហេីយមហាជនដ៏ច្រេីនលេីសលប់​ គាំទ្រការចាប់ខ្លួនជនពាក់ព័ន្ធ​ ដែលនិយាយបំផ្លេីសរឿងព្រំដែន។ ប្រសាសន៍​សម្ដេចតេជោ​ ហ៊ុន​ សែន​ ធ្វេីឡេីងនៅព្រឹកថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ២០២០​ នេះ​ ខណៈ​ សម្តេច​ អញ្ជើញសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» តម្លៃជាង ៤៤លានដុល្លារ របស់លោកឧកញ៉ា​ លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ​។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍រឿងព្រំដែន​ យ៉ាងក្តៅគគុក ខណៈ​ អង្គការក្រៅរដ្ឋាភិបាល​ Comfrel បានធ្វេីការស្ទង់មតិ​ លេីបញ្ហានេះ​ រយៈពេល១សប្តាហ៍​ ដែលនៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ​ នឹងបញ្ចប់ហេីយ​ ។
ទន្ទឹមនេះ​ មហាជនដ៏ច្រេីនលេីសលប់​ បានសម្តែងការគាំទ្រលេីការចាប់ខ្លួនជនពាក់ព័ន្ធ​ ដែលនិយាយបំផ្លេីសរឿងព្រំដែន​ មានជាអាទិ៍ លោក​ រ៉ុង​ ឈុន​ និង​ លោក​ សួង​ សុភ័ណ្ឌ​ លេីការស្ទង់មតិរបស់​អង្គការ​Comfrel​។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អង្គការខុមហ្វ្រែល និងបណ្តាញព័ត៌មានបរទេសនានា យកលទ្ធផលស្ទង់មតិរបស់អង្គការខុមហ្វ្រែលជុំវិញការចាប់ខ្លួន លោក រ៉ុង ឈុន។ ការស្ទង់មតិនេះ មាន ៧៨ភាគរយគាំទ្រចំណាត់ការរាជរដ្ឋាភិបាល និងមាន ២២ភាគរយប៉ុណ្ណោះ មិនគាំទ្រ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ៖ ផែនទីប្រើសម្រាប់កំណត់ព្រំដែនជាមួយប្រទេសវៀតណាម គឺបន្សល់ដោយបារាំង មិនមែនជាផែនទីកំណត់ដោយខ្មែរនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ភូមិខ្មែរមួយចំនួនដែលចូលទៅភាគីវៀតណាម ដោយសារតែខ្សែបន្ទាត់ព្រំដែនរបស់បារាំងបានគូសបែបនោះ។ ហេតុនេះហើយទើបកម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នាក្នុងការដោះដូរដីភូមិរៀងៗខ្លួន។ តាមរយៈខ្សែផែនទីនេះកម្ពុជាទទួលបានដីពីវៀតណាមប្រមាណ២ពាន់ហិកតា។ ដីនេះត្រូវយកទុកជាដីសម្បទានសង្គមកិច្ច។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងព្រំដែនមិនមែនជារឿងលេងសើចទេ កុំញុះញង់ឱ្យមានសង្គ្រាមជាមួយប្រទេសជិតខាង។ ក្នុងនោះ បានសម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ស្នេហាជាតិអីតែក្រុមប្រឆាំងណុង? បើសិនជាដីខ្មែរបាត់រាល់ថ្ងៃដូចការចោទរបស់គេនោះ ខ្មែរអស់ដីហើយ។
សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ ការរៀបចំព្រំដែនរវាងកម្ពុជា និងវៀតណាម បានធ្វើតាមផែនទីបោន ១/១០០ ០០០ និងផែនទី UTM ១/៥០ ០០០។ សម្រាប់ផែនទី ១/២៥ ០០០ គឺធ្វើឡើងដើម្បីងាយស្រួលក្នុងការមើលនិយាមការលើព្រំដែនជាក់ស្តែង ហើយថ្ងៃទី២៧ ប្រគល់ដល់ខេត្តជាប់ព្រំដែនវៀតណាម។ សម្តេចប្រកាសថា៖ រឿងព្រំដែនឈប់រញ៉េរញ៉ៃ ប្រសិនបើអ្នកណានិយាយចេញមកប៉ុណ្ណាចាប់ប៉ុណ្ណឹង។
កុំចោទរាជរដ្ឋាភិបាលថាផ្តាច់ការ ព្រោះការនិយាយរឿងព្រំដែនមិនមែនជាការបញ្ចេញមតិនោះទេ។ សម្តេចតេជោ បានលើកឡើងថា ក្រុមប្រឆាំងបានលើកឡើងច្រើនដងហើយលើបញ្ហាព្រំដែន ហើយសម្តេចក៏បានបកស្រាយច្រើនដងរួចហើយ ព្រមទាំងក្នុងរដ្ឋសភាផងដែរ។
សម្តេចតេជោ ក៏បានចោទសួរក្រុមប្រឆាំងថា ស្នេហាជាតិអីតែខ្លួនឯង តើព្រះមហាក្សត្រ រដ្ឋសភា រាជរដ្ឋាភិបាលមិនស្នេហាជាតិទេអី?
ក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង មិនស្ថិតនៅលើមាត់របស់ក្រុមប្រឆាំងទេ គឺស្ថិតនៅលើច្បាប់អន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន កំពុងរង់ចាំមើលថា តើអង្គការខុមហ្វ្រែល ក្រុមវិទ្យុបរទេសផ្សាយជាខេមរភាសា និងអង្គការសិទ្ធិមនុស្សនានា ផ្សាយលទ្ធផលស្ទង់មតិលើការចាប់ខ្លួនលោក រ៉ុង ឈុន ដែរឬយ៉ាងណា? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើអង្គការខុមហ្វ្រែល វិទ្យុបរទេសផ្សាយខេមរភាសា និងអង្គការសិទ្ធិមនុស្ស ព្រមទាំងក្រុមប្រឆាំងផង មិនផ្សាយលទ្ធផលស្ទង់មតិនេះ គឺជាតិរិច្ឆានហើយ។
សម្តេចតេជោ ហ៊ុន សែន ហៅក្រុមប្រឆាំងនៅក្រៅប្រទេស ដែលអំពាវនាវពលរដ្ឋធ្វើបាតុកម្មនោះឱ្យចូលមកដឹកនាំបាតុកម្ម ដោយសម្តេចឱ្យយន្តហោះទៅដឹកថែមទៀតផង។
សូមរំលឹកថា៖ ក្រុមប្រឆាំងផ្កាប់មុខ បម្រើនយោបាយឱ្យបរទេស បានប្រើគំនិតទុច្ចរិត គ្រប់រូបភាព ដើម្បីផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងស្ថានភាពប្រទេសកម្ពុជា និងពិភពលោក កំពុងរួមគ្នាប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩ ។ ប៉ុន្តែជាលទ្ធផល ការដឹកនាំប្រទេសប្រកបគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន គឺប្រទេសជាតិ មានសន្តិភាព ការអភិវឌ្ឍន៍ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ដោយប្រសិទ្ធភាព និងផ្តល់ឱកាសឱ្យជនរួមជាតិ ឈប់សម្រាកការងារ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ (សងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិ កន្លងទៅ)ទៀតផង៕ដោយ៖ សុខ ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print