ភ្នំពេញ ៖ មានបុរសម្នាក់បើករថយន្តដឹកទំនិញធុនធំមួយគ្រឿងមកឈប់អែបចិញ្ចើមផ្លូវដើម្បីចូលហូបបាយមួយភ្លែតស្រាប់តែបុរសម្នាក់ជិះម៉ូតូមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១៩ និង៣០ នាទីថ្ងៃទី១៨ ខែសីហាឆ្នាំ ២០២០ ស្ថិតនៅតាមផ្លូវលូបី ជិតបុរីពិភពថ្មី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បេីតាមប្រភពពីម្ចាស់រថយន្តធុនធំបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បើករថយន្តដឹកទំនិញធុនធំមួយគ្រឿង ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3B-9147 រួមដំណើរជាមួយបុរសម្នាក់ទៀតធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានអែបរថយន្តឈប់អែបចិញ្ចើមផ្លូវដើម្បីចុះហូបបាយមួយភ្លែតហើយបានបើកភ្លើងសញ្ញាសម្គាល់ត្រឹមត្រូវផងដែរ ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GF-7700បើកដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនមកបុកចំកាងរថយន្តពីក្រោយខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ