ភ្នំពេញ៖ នៅថ្ងៃពុធទី១៩ ខែសីហា ឆ្នាំ២០២០ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃបានចុះមកស្រុកព្លកដែង ខេត្តរ៉ាក់យ៉ង ដើម្បីជួបសួរសុខទុក្ខពលករឈ្មោះ ផន ណង ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប ដែលត្រូវបុរសជនជាតិថៃ ២នាក់អះអាងខ្លួនជាប៉ូលីសចូលទៅប្រើប្រាស់អំពើហឹង្សាលើរូបគាត់កាលពីថ្ងៃសុក្រទី០៧ ខែសីហា ឆ្នាំ២០២០ កន្លងទៅ។
ក្រុមការងារស្ថានទូតបានធ្វើដំណើរទៅអធិការដ្ឋាននគរបាលស្រុកព្លកដែង ដើម្បីតាមដានពាក្យបណ្តឹង និងស្នើសុំការសហការពីអាជ្ញាធរក្នុងការស្វែងរកយុត្តិធម៌ដល់ពលករ ព្រមទាំងចាត់វិធានការផ្លូវច្បាប់ចំពោះជនល្មើស។
បន្ទាប់មក ក្រុមការងារស្ថានទូត បានបន្តចុះទៅដល់ទីតាំងកន្លែងធ្វើការរបស់ពលករដែលជាកន្លែងកើតហេតុ ដើម្បីសាកសួរសុខទុក្ខ ដោយមានការសម្របសម្រួលពីអាជ្ញាធរអធិការស្រុកព្លកដែង។
ស្ថានទូតក៏បាននាំយកគ្រឿងឧបភោគបរិភោគ និងពាំនាំនូវថវិកាមួយចំនួនឧបត្ថម្ភដល់ពលកររូបនោះផងដែរ៕
ដោយ៖ សិលា