ក្រុមបាតុករនិស្សិត សិស្ស ប្រឆាំងរដ្ឋាភិបាលថៃ និងស្នើឲ្យកែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសថៃ ។ បាតុកម្មនេះបានអូសបន្លាយជាច្រើនថ្ងៃកន្លងមកហើយនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា លោកមិនប្រឆាំងនិឹងសកម្មភាពធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់លោកឡើយ ប៉ុន្តែអ្វីដែលបាតុករស្នើឡើង គឺយើងមិនអាចធ្វើទៅបានឡើយ។
នៅក្នុងកិច្ចប្រជុំជាមួយបណ្តាមន្ត្រិសន្តិសុខជាតិថៃកាលពីថ្ងៃទី១៩ខែសីហា នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា បានបញ្ជាដល់កងកម្លាំងត្រៀមលក្ខណៈទប់ស្កាត់បាតុកម្ម របស់ក្រុមនិស្សិត។
បាតុកម្មនៅទីក្រុងបាងកកតែងតែធ្វើឡើងនៅចុងសប្តាហ៍ ដែលមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់។ បាតុកម្មរបស់ក្រុមនិស្សិត គឺមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤ ក្រោយការធ្វើបាតុកម្ម ឈានដល់រដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា។
ក្រុមបាតុករបានស្នើឲ្យរំលាយរដ្ឋសភា និងកែទម្រង់រដ្ឋធម្មនុញ្ញ ។ ការទាមទារនោះរដ្ឋាភិបាលបានយល់ព្រមកែទម្រង់ ប៉ុន្តែមិនអាចរំលាយរដ្ឋសភាបានឡើយ។ ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោកDon Pramudwinai បានព្រមានថា បណ្តាអង្គការក្រៅរដ្ឋាភិបាលត្រូវតែរក្សាភាពស្ងៀមស្ងាត់ មិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ថៃឡើយ៕ ដោយ៖ធីរីណា