ភ្នំពេញ៖ រយៈពេល៥ថ្ងៃ ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស មកលេងកម្សាន្តនៅតំបន់រមណីយដ្ឋាននានាក្នុងខេត្តរតនគិរី មានចំនួនជាង ៥០.០០០នាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រសួងទេសចរណ៍នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។
សូមបញ្ជាក់ថា៖ នៅក្នុងរយៈពេល៥ថ្ងៃនៃការឈប់សម្រាកសងថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ(១៧-២១ ខែសីហា ឆ្នាំ២០២០) មានភ្ញៀវទេសចរ ចំនួន៥០.៦២៨នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន១៧៩
នាក់ បាននាំគ្នាមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋាននានាក្នុងខេត្តរតនគិរី ហើយផ្ទះសំណាក់ និងសណ្ឋាគារជាច្រើន មានភ្ញៀវស្នាក់នៅពេញទាំងអស់។ នេះបើតាមតួលេខរបស់មន្ទីរទេសចរណ៍បានបង្ហាញអោយដឹងនៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នេះ។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងផងដែរថា ៖ គិតត្រឹមល្ងាចថ្ងៃទី២១ ភ្ញៀវទេសចរបានមកទស្សនាកម្សាន្តតាមរមណីយដ្ឋាននៅក្នុងខេត្តរតនគិរីមានចំនួន ១៤កន្លែង សុទ្ធសឹងជារមណីយដ្ឋានធម្មជាតិ ហើយរមណីយដ្ឋានដែលកំពុងពេញនិយម និងមានភ្ញៀវទេសចរ ទៅលេងកម្សាន្តយ៉ាងច្រើននោះ គឺបឹងយក្ខឡោម ក្នុងក្រុងបានលុង រមណីយដ្ឋានទឹកធ្លាក់អូរសៀងលែ, រមណីយដ្ឋានបឹងលំកុដ ក្នុងស្រុកលំផាត់ ក្រៅពីរមណីយដ្ឋានធម្មជាតិទាំងបីកន្លែងនេះ ក៏មានរមណីយដ្ឋានដទៃទៀតដែរ ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ។
លោកបន្តថា ៖ រយៈពេល៥ថ្ងៃនេះ គ្រប់រមណីយដ្ឋានដែលភ្ញៀវបានទៅលេងកម្សាន្ត លោកសង្កេតឃើញ ថាភ្ញៀវទេសចរទាំងអស់បានចូលរួមថែរក្សាអនាម័យ បរិស្ថានបានល្អ ពោលគឺ ក្រោយហូបចុករួច ពួកគាត់បានវេចខ្ចប់សំរាមទុកដាក់បានត្រឹមត្រូវ។ ជាពិសេសនោះ គឺពួកគាត់មានស្មារតីម្ចាស់ការ ចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការចូលខ្លួនអោយបាញ់កំដៅ ការលាងសម្អាតដៃនៅតាមឡាបូសាធារណៈដែលបានរៀបចំជូននៅតាមរមណីយដ្ឋាននានា ការពាក់ម៉ាស និងការរក្សាគម្លាតសង្គមជាដើម។
លោក ង៉ែត ពិទូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងទឹកដីខេត្តរតនគិរី ជាពិសេសម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និង
ម្ចាស់សេវាកម្មម្ហូបអាហារទាំងអស់ដែលបានចូលរួមជាមួយអាជ្ញាធរខេត្តក្នុងការរឹតបន្តឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការកុំឲ្យមានរលកទី២នៃការរាតត្បាតជំងឺកូវីដ-១៩។ ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណផងដែរចំពោះសមត្ថកិច្ចពាក់ព័ន្ធដែលបានបំពេញតួនាទីភារកិច្ចចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងយប់ទាំងថ្ងៃជូនភ្ញៀវទេសចរជាតិ-អន្តរជាតិបានយ៉ាងល្អប្រសើរ៕
ដោយ៖ សិលា