មានករណីវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់នៅស្រុក Jolo ភាគខាងត្បូងហ្វុីលីពីន បណ្តាលឲ្យមនុស្ស១០នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ។
កម្លាំងប៉ូលិសហ្វុីលីពីន បានឲ្យដឹងថា ការវាយប្រហារដោយគ្រាប់បែក បានធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ស្ថិតនៅលើកោះJolo និងតំបន់ជិតខាងនៅក្នុងខេត្ត Sulu ភាគខាងត្បូងប្រទេសនេះ។
ការផ្ទុះគ្រាប់បែកលើកទីមួយកើតឡើងនៅមុខហាងលក់ទំនិញ ដោយពេលនោះរថយន្តមួយគ្រឿងផ្ទុកគ្រាប់រំសេវ បើកសំដៅបុករថយន្តយោធា ។ ប៉ុន្មាននាទីក្រោយមក មានករណីផ្ទុះជាលើកទីពីរនៅមុខធនាគារដែលមានចម្ងាយពីការផ្ទុះលើកទីមួយតែ១០០ម៉ែត្រប៉ុណ្ណោះ។
តាមការស្រាវជ្រាវជាបឋម ការផ្ទុះលើកទីពីរ បង្កឡើងដោយស្ត្រី វាយប្រហារអត្តឃាតបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។ តាមរបាយការណ៍របស់កម្លាំងប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ការវាយប្រហារទាំងពីរលើក បណ្តាលឲ្យមានអ្នកស្លាប់១០នាក់ និង ៤០នាក់ទៀតរងរបួស ក្នុងនោះមានទាហាន១៦នាក់និងពលរដ្ឋស្លូតត្រង់២៤នាក់។
ខេត្ត Sulu របស់ហ្វីុលីពីន ជាតំបន់មានពលរដ្ឋអ៊ិស្លាមរស់នៅភាគច្រើន និងជាតំបន់ដែលក្រុមឧទ្ទាមអ៊ិស្លាម Abu Sayyaf មានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ិស្លាមធ្វើសកម្មភាពនៅទីនោះ ដោយមានការចាប់ជំរិតនិងវាយប្រហារដោយគ្រាប់បែកជាដើម ៕