សិក្ខាកាមយោធាកម្ពុជាដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី ចំនួន៤០នាក់បាននឹងកំពុងចូលរួមប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦

ចែករំលែក៖

ភ្នំពេញ៖ ជាមោទកភាពជាតិរបស់កម្ពុជា ខណៈសិក្ខាកាមយោធាកម្ពុជាដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី ចំនួន៤០នាក់បាននឹងកំពុងចូលរួមប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី អគ្គបញ្ជាការដ្ឋាន កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
សូមបញ្ជាក់ថា៖ សិក្ខាកាមយោធាកម្ពុជាចំនួន៤០រូប ដែលកំពុងសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាអប់រំយោធានៃក្រសួងការពារជាតិរុស្ស៊ី និងនៅតាមតំបន់សំខាន់ៗមួយចំនួនទៀត នៅក្នុងសហព័ន្ធរុស្ស៊ី បានចូលរួមក្នុងកម្មវិធីប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦ ដែលប្រារព្ធពិធីបើកកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ក្នុងទីក្រុងព្យូកូប សហព័ន្ធរុស្ស៊ី។

យោងតាមរបាយការណ៍ ឧត្តមសេនីយ៍ត្រី ប៉ែន ពិសិដ្ឋ នាយការិយាល័យអនុព័ន្ធយោធា និងជាទីប្រឹក្សាយោធាអមស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី បានបញ្ជាក់ថា ការប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦ ចាប់ផ្តើមធ្វើពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។ សិក្ខាកាមដែលស្ម័គ្រចិត្តចូលរួមប្រកួតក្នុងកម្មវិធីនេះរួមមាន៖ មកពីសាលាបញ្ជាការយោធាជាន់ខ្ពស់ទ័ពអាកាសឆ័ត្រយោងទីក្រុងរីហ្សាញ់ចំនួន០៧នាក់, សិក្ខាកាមសិក្សានៅបណ្ឌិតសភាអវកាសយោធា MOZAISKOVO ទីក្រុងសាំងពីទ័រស្បឺគ ចំនួន១០នាក់, សិក្ខាកាមយោធាសិក្សានៅបណ្ឌិតសភាយោធាកងទ័ពការពារអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី ទីក្រុងស្មាលលែន ចំនួន០៥នាក់, សិក្ខាកាមសិក្សានៅវិទ្យាស្ថានវិស្វករកាំភ្លើងធំ និងកាំជ្រួច ទីក្រុងផេនហ្សា ចំនួន១០នាក់, និងសិក្ខាកាមសិក្សានៅបណ្ឌិតសភាយោធាការពារវិទ្យុសកម្ម គីមីសាស្រ្ត និងជីវសាស្រ្ត ទីក្រុង KOSTROMA ចំនួន០៨នាក់។

ក្នុងរបាយការណ៍ដដែរក៏បានឱ្យដឹងថា ៖ កាលពីឆ្នាំ២០១៩ កន្លងទៅ មានសិក្ខាកាមនិស្សិតយោធាកម្ពុជា មកពីគ្រឹះស្ថានចំនួន០២ ក៏ធ្លាប់បានចូលរួមប្រកួតប្រជែងផងដែរ ដែលកាលនោះមួយក្រុមទទួលបានចំណាត់ថ្នាក់លេខ២ និងមួយក្រុមទៀតទទួលចំណាត់ថ្នាក់លេខ៣។

គួរបញ្ជាក់ជូនផងដែរថា កម្មវិធី International Army’s Games គឺជាកម្មវិធីប្រកួតកីឡាកងទ័ពអន្តរជាតិ ដែលមានបេក្ខភាពចូលរួមប្រកួតចម្រុះដោយសិក្ខាកាមជានិស្សិតយោធាតាមបណ្តាប្រទេសផ្សេងៗជាច្រើន។
កម្មវិធីនេះត្រូវបានធ្វើឡើងរួមគ្នាជាមួយ នឹងវេទិការបច្ចេកទេសយោធាអន្តរជាតិលើកទី៦ (6th International Military-Technical Forum “Army-2020”) ដែលរៀបចំដោយក្រសួងការពារជាតិរ៉ូស្ស៊ី និងជាព្រឹតិ្តការណ៍ការតាំងពីព័រណដ៏ធំមួយ នៅប្រទេសរ៉ូស្ស៊ី ផ្ដោតលើវិស័យយោធា ដូចជា បច្ចេកវិទ្យាយោធា គ្រឿងសព្វាវុធ និងឧបករណ៍យោធាដែលជឿនលឿន សម្រាប់ភ្នាក់ងារសន្តិសុខ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print