ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានមានប្រសាសន៍នៅតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា សម្តេចសូមសូមអរគុណបងប្អូនប្រជាពលរដ្ឋដែលបានបង្ហាញនូវក្តីគោរពស្រឡាញ់ចំពោះរូបសម្តេច ។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ដែលសម្តេចតេជោហ៊ុន សែន បានផ្សព្វផ្សាយនៅលើគេហទំព័រហ្វេសបុក៖
«បងប្អូនប្រជាពលរដ្ឋជាទីគោរពស្រឡាញ់!
ខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋដែលបានបង្ហាញនូវក្តីគោរពស្រឡាញ់ចំពោះរូបខ្ញុំ ជាពិសេសក្នុងពេលដែលខ្ញុំចុះសួរសុខទុក្ខបងប្អូនដោយផ្ទាល់ កាលពីរសៀលថ្ងៃសៅរ៌កន្លងទៅនេះ នៅសួនច្បារសាធារណៈនាគបាញ់ទឹក នៅកន្លែងហាត់ប្រាណសួនច្បារមុខវត្តបទុមវតី និងនៅមុខវាំង។
ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញបងប្អូននាំកូនចៅមកកំសាន្ត និងមកហាត់ប្រាណនៅតាមទីធ្លារសួនច្បារសាធារណៈទាំងនេះដោយទឹកមុខរីករាយ។ ការថតរូបជាមួយបងប្អូនជនរួមជាតិ គឺមាន័យខ្លាំងណាស់ចំពោះរូបខ្ញុំ ហើយខ្ញុំពេញចិត្តថតរូបសែលហ្វី (Selfie) ជាមួយបងប្អូនគ្រប់ពេល។ ខ្ញុំចង់អោយបងប្អូនកាន់តែមានភាពជិតស្និទ្ឋជាមួយខ្ញុំ ព្រោះសុខទុក្ខបងប្អូនគឺជាសុខទុក្ខរបស់ខ្ញុំផងដែរ។
ខ្ញុំពិតជាសប្បាយរីករាយខ្លាំង នៅពេលមានឱកាសចុះមកសួរសុខទុក្ខ និងបានស្វែងយល់អំពីសុខទុក្ខប្រជាពលរដ្ឋ ព្រះសង្ឃ យុវជន យុវនារី និងកុមារតូចៗ ជាច្រើនដែលកំពុរត់លេង និងកំពុងហាត់កីឡាយ៉ាងសប្បាយរីករាយនៅតាមសួនច្បារសាធារណៈក្នុងរាជធានីភ្នំពេញ។ សូមបងប្អូនជនរួមជាតិជួបតែសំណាងល្អ» ៕


















