ចាប់តាំងពីដើមឆ្នាំ២០២០មកទល់ពេលនេះ មានភ្លើងឆេះព្រៃដល់ទៅ៧០១២កន្លែងនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ដោយបំផ្លាញព្រៃឈើជាង៦សែនហិកតា។ ភ្លើងឆេះព្រៃមានការកើតឡើងខ្ពស់ជាងកាលពីឆ្នាំ២០១៩ ដែលមានភ្លើងឆេះព្រៃតែ ជាង៤ពាន់កន្លែង បំផ្លាញព្រៃឈើតែជាង២២ពាន់ហិកតាប៉ុណ្ណោះ។
អភិបាលរដ្ឋកាលីហ្វ័រនីញ៉ាលោក Gavin Newsom បានឲ្យដឹងថា ក្នុងរយៈពេល១សប្តាហ៍កន្លងមក មានក្រុមពន្លត់អគ្គិភ័យដល់ទៅ១៤ពាន់នាក់ និងសម្ភារពន្លត់អគ្គិភ័យដល់ទៅ២៤០០ប្រភេទក្នុងនោះមានរថយន្តភាគច្រើន បានខិតខំពន្លត់ភ្លើងឆេះព្រៃ៦២៥កន្លែងក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។ ភ្លើងបានឆេះកម្ទេចព្រៃឈើ មានទំហំធំជាងទីក្រុង Los Angeles ដល់ទៅ៣ដង។
តាមតួលេខរបស់ស្ថាប័នគ្រប់គ្រងព្រៃឈើកាលីហ្វ័រនីញ៉ា បានឲ្យដឹងថា មានភ្លើងឆេះព្រៃដល់ទៅ១៣ពាន់កន្លែង បង្កឡើងដោយសារតែរន្ទះបាញ់នៅតំបន់ភាគខាងជើងនិងភាគកណ្តាលនៃរដ្ឋកាលីហ្វ័រនីញ៉ា តាំងពីថ្ងៃទី១៥ខែសីហា មកទល់ពេលនេះបានសម្លាប់មនុស្ស៧នាក់និងបំផ្លាញផ្ទះសម្បែង១២០០ខ្នង និងគំរាមកំហែងដល់ផ្ទះសម្បែង ការដ្ឋាន ជាង១០០ពាន់កន្លែងផ្សេងទៀត។
ភ្លើងឆាបឆេះនៅក្នុងតំបន់ភាគខាងជើងទីក្រុង San Francisco មានទ្រង់ទ្រាយធំបំផុត ដោយបំផ្លាញព្រៃឈើដល់ទៅ១៤១.៦៣៩ហិកតា គិតដល់ថ្ងៃទី២៤ខែសីហា និងបំផ្លាញផ្ទះអស់៨៧១ខ្នង។ នៅពេលនេះដែរ រដ្ឋកាលីហ្វ័រនីញ៉ានៅតែបន្តរក្សាការប្រកាសអាសន្នពីភ្លើងឆេះព្រៃ ៕