ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មូយរវាងរថយន្តដឹកហ្គាសនឹងម៉ូតូបុកគ្នា បន្ទាប់ពីបុរសម្នាក់
ជាកម្មកររោងចក្របើកម៉ូតូវ៉ាជែងរថយន្តហើយបត់ទទឹងផ្លូវខ្វះប្រុងប្រយ័ត្ន
ត្រូវរថយន្តបើកបញ្ច្រាសទិសគ្នាចាប់ហ្វ្រ័ងមិនទាន់បុកអូសប្រមាណ៣០ម៉ែត្របណ្តាលឱ្យអ្នកបើកម៉ូតូធ្លាយពោះវៀនស្លាប់នៅនឹងកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល
ថ្ងៃអង្គារ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤.ត្រូវនឹងថ្ងៃទី២៦ខែសីហាឆ្នាំ២០២០នៅលើផ្លូវជាតិលេច១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤២និង១៤៣ស្ថិតនៅចំណុចភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុក កំពង់រោទ៍ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចស្រុកបានឱ្យដឹងថាបុរសដែលស្លាប់មានឈ្មោះលាវ ផល្លីនអាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកកំពង់រោទ៍បច្ចប្បន្នរស់នៅភូមិឡ សង្កាត់ពោតាហោក្រុងស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១P-៧៥៥៨ខូចខាតទាំងស្រុង។ចំណែកអ្នកបើករថយន្តដឹកហ្គាសមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយកើតហេតុបានរត់គេចខ្លួនបាត់ភ្លាមៗបន្សល់តែរថយន្ត ម៉ាក DAEWOOពាក់ស្លាកលេខភ្នំពេញ៣E-៧២៣២។
តាមអ្នកភូមិបានឱ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិចហើយបានបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់និងបត់ទទឹងផ្លូវខ្វះការប្រុងប្រយត្ន័ក៏ត្រូវរថយន្តដឹកហ្គាសដែលបើកបញ្ច្រាសទិសគ្នាចាប់ហ្វ្រ័ងមិនទាន់ក៏បុកអូសប្រមាណ៣០ម៉ែត្របណ្តាលឱ្យធ្លាយពោះវៀនស្លាប់នៅនឹងកន្លែងតែម្ដង។
ក្រោយមកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធើ្វបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។
ចំណែកមធ្យោបាយធ្វើដំណើររថយន្តនិងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងអូសយកទៅការិយាល័យចរាចរណ៍ផ្លូវខេត្តស្វាយរៀងដើម្បីរក្សាទុកដោះស្រាយគ្នាតាមក្រោយ៕ យឹម សុថាន