ប្រមុខការទូតកម្ពុជាផ្ដល់បទពិសោធន៍ដល់ក្រុមនិស្សិតកម្ពុជាទៅបន្ដការសិក្សានៅប្រទេសជប៉ុន តាមរយៈអាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស 

ចែករំលែក៖

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិបានអនុញ្ញាតឲ្យក្រុមនិស្សិតកម្ពុជាទៅបន្ដការសិក្សានៅប្រទេសជប៉ុន តាមរយៈអាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស ឲ្យចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ផ្តាំផ្ញើដល់និស្សិតកម្ពុជាទាំង២៤នាក់ កាលពីព្រឹកថ្ងៃទី២៦ខែសីហា ឆ្នាំ២០២០នេះនៅទីស្តីការក្រសួង ។
លោកឧបនាយករដ្ឋមន្រ្ដីប្រាក់ សុខុនមានប្រសាសន៍ថា វិស័យការទូតគឺជាវិស័យសំខាន់មួយរបស់ជាតិដែលតម្រូវឲ្យមានធនធានមនុស្សគ្រប់គ្រាន់ច្បាស់លាស់ក្នុងបរិបទសកលភាវូពាណិជ្ជកម្ម​ដែលពោរពេញទៅដោយការប្រកួតប្រជែង។  ដើម្បីជាទុនសម្រាប់ ការសិក្សារបស់និស្សិតដែលត្រូវទៅបន្ដការសិក្សានូវក្រៅប្រទេស គឺត្រូវស្គាល់ប្រទេសនិងប្រជាជននៃប្រទេសនោះឲ្យបានច្បាស់ អំពីប្រវត្តិដើមកំណើត របៀបរបបការងារនិងការរស់នៅ ជាក់ស្ដែងប្រទេសជប៉ុនគឺជាប្រទេសដែលចាត់ទុកក្នុងចំណាត់ថ្នាក់អភិវឌ្ឍន៍ ដែលឈរជើងក្នុងមហាអំណាចសេដ្ឋកិច្ចមានរយៈពេលយូរឆ្នាំ មិនត្រឹមតែមានការទទួលស្គាលនៅក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ គឺប្រទេសនេះមានការទទួលស្គាល់នៅលើពិភពលោក ព្រមជាមួយនឹងមហិច្ឆតាក្នុងបំណងប្រាថ្នាដ៏ទទូចដើម្បីប្រែក្លាយទៅជាសមាជិកអចិន្រ្ដៃយ៍ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាតិទាំង៥ ខណៈដែលប្រទេសជាច្រើនមានបំណងចង់ចូលជាបេក្ខភាពសមាជិកអចិន្រ្ដៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាតិនេះផងដែរ ។

លោកប្រាក់ សុខុន មានប្រសាសន៍ថា ប្រជាជនជប៉ុនគឺជាប្រជាជនធ្វើការងារខ្លាំង ឧស្សាហ៍ព្យាយាម មានវិន័យល្អ ព្យាយាមរៀនសូត្រពីបណ្ដាប្រទេសដទៃក្នុងស្មារតីនវានុវត្តន៍ ពិសេសក្នុងដំណាក់កាលក្រោយសង្គ្រាមលោកលើកទី២ ប្រទេសជប៉ុនបានចាប់ផ្ដើមអភិវឌ្ឍឧបករណ៍គ្រឿងអេឡិចត្រូនិក ក៏ដូចជាផលិតផលផ្សេងៗទៀត ក្រោមរូបភាពចម្លងកែច្នៃរបស់បរទេសរហូតបង្កើតបានផលិតផលជាច្រើនប្រភេទសម្រាប់ប្រើប្រាស់នៅក្នុងតំបន់និងនៅជុំវិញពិភពលោក ។

លោកឧបនាយករដ្ឋមន្ត្រិីបានបញ្ជាក់ថា ប្រទេសជប៉ុនជាប្រទេសមួយដែលបានរួមចំណែកក្នុងការស្វែងរកសន្ដិភាពក្នុងដំណើរការចរចានានា ជាមួយនិឹងការចូលរួមចំណែកស្ដារនិងកសាងសេដ្ឋកិច្ចប្រទេសកម្ពុជាឡើងវិញផងដែរ។ ពិសេសរដ្ឋាភិបាលជប៉ុន បានជួយលើផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពខាងបញ្ចេញមតិរហូតមកដល់បច្ចុប្បន្នប្រទេសជប៉ុន បានដើរតួនាទីដ៏សំខាន់ចំពោះការលើកស្ទួយការយល់ដឹងផ្នែកនយោបាយ តាមរយៈការអញ្ជើញយុវជនវ័យក្មេងកម្ពុជាចូលរួមរៀនសូត្រពីប្រទេសជប៉ុននាពេលកន្លងមកជាបន្ដបន្ទាប់ ។

...

គួររំលឹកថា អាហារូបករណ៍អភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជប៉ុនបានបង្កើតកាលពីឆ្នាំ២០០០ ក្រោមជំនួយឥតសំណង ដោយផ្ដោតសំខាន់លើការបណ្ដុះ បណ្ដាលមន្រ្ដីរាជការវ័យក្មេងក្នុងស្ថាប័ននានា រយៈពេល២ឆ្នាំដែលគិតមកដល់ពេលនេះមាននិស្សិតកម្ពុជាជាង៤០០នាក់ហើយដែលបានទៅបន្ដការសិក្សាតាមរយៈអាហារូបករណ៍នេះ ៕ ដោយ ៖ ហេង សូរិយា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print