Update ៖ ឪពុកយកដៃច្របាច់កសម្លាប់កូនស្រី ៣នាក់ រួចហើយធ្វើអត្តឃាតខ្លួនឯង ប្រពន្ធប្រទះឃើញស្ទើរដួលសន្លប់

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារតែមានបញ្ហាក្នុងគ្រួសារដោះស្រាយមិនចេញទើបបុរសជាឪពុកឈានដល់ថ្នាក់យកដៃច្របាច់ក សម្លាប់កូនស្រីរបស់ខ្លួនចំនួន៣នាក់ ដែលម្នាក់ពេញក្រមុំ និង២នាក់ទៀតនៅតូចៗនៅឡើយស្លាប់ទាំង៣នាក់ រួចឪពុកចិត្តតិរច្ឆាននេះធ្វើអត្តឃាតដោយចង.កខ្លួនឯងជាក្រោយនៅក្នុងផ្ទះ។លុះពេលប្រពន្ធត្រឡប់មកពីធ្វើការវិញបើកទ្វារចូលទៅក្នុងផ្ទះស្រាប់តែឃើញឪពុកចង.កសម្លាប់ខ្លួន ឯកូនៗស្លាប់រដូករណែលនៅក្នុងបន្ទប់គួរឱ្យរន្ធត់បំផុត។

ហេតុការណ៍ដ៏តក់ស្លុតនេះបានកើតឡើងនៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវលេខ១០១៣ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពទាំងបួននាក់ឪពុកនិងកូនៗ រួមមាន៖

១-ឪពុកឈ្មោះ ជា សុខជុំ អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូកង់បី ។

២-កូនស្រីទី១ ឈ្មោះ ជុំ ម៉េងជូ អាយុ១៦ឆ្នាំ ។

៣-កូនស្រីទី២ឈ្មោះជុំ ម៉េងចិន អាយុ៥ឆ្នាំ ។

៤-កូនស្រីទី៣ឈ្មោះ ជុំ ម៉េងជៀន អាយុ៤ឆ្នាំ។

តាមសម្តីប្រពន្ធរបស់ជនរងគ្រោះនិងជាម្តាយកូនស្រីទាំង៣នាក់ មានឈ្មោះ ឌីម សុខនាថ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នៅម៉ោង៨និង៣០នាទីយប់ខ្លួនបានត្រឡប់មកពីធ្វើការវិញ ពេលមកដល់ផ្ទះឃើញទ្វារផ្ទះបិទក៏ស្រែកហៅកូនៗ តែមិនឮសំឡេងឆ្លើយតប ខ្លួនក៏បានរុញទ្វាររហូតដល់របើក ភ្លាមនោះក៏ចូលទៅក្នុងបន្ទប់ស្រាប់តែឃើញបុរសជាប្ដីបានចងកស្លាប់បាត់ទៅហើយ រីឯកូនស្រី២នាក់ឃើញស្លាប់នៅលើគ្រែ និងកូនស្រីច្បងស្លាប់នៅលើបន្ទប់ឡៅតឿ ពេលនោះខ្លួនបានទៅហៅប្អូនថ្លៃស្រី ដែលជួលបន្ទប់ក្បែរគ្នាឲ្យមកជួយមើល និងស្រែកឆោឡោឲ្យអ្នកជិតខាងមកជួយ ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្ដង និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញឱ្យចុះមកពិនិត្យដល់ន្លែងកើតហេតុ។

បន្ទាប់ពីមន្ត្រីជំនាញធ្វើកោសល្យវិច័យរួច លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះជាកូនទាំង៣នាក់បានស្លាប់ដោយសារការច្របាច់ក ចំណែកជនសង្ស័យក្រោយធ្វើសកម្មភាពរួច បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងនៅកន្លែងកើតហេតុតែម្ដង។

 បច្ចុប្បន្នសពទាំង៤នាក់ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕ ដោយ៖ រ៉ារ៉ា

...

        

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print