ភ្នំពេញ៖ មន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនលោក ស្រីបុប្ផា ផានី បានឲ្យដឹងនៅថ្ងៃទី២៧ ខែសីហានេះថា នៅរាជធានីភ្នំពេញមានយានដ្ឋានជួសជុលរថយន្តចំនួន ៩៧១ទីតាំង ក្នុងនោះមានច្បាប់ចំនួន៥៨១ទីតាំង អត់ច្បាប់ចំនួន ៣៩០ទីតាំង ដែលមន្ត្រីជំនាញ នឹងសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីចុះទៅបិទអាជីវកម្មបណ្ដោះអាសន្ន និងតម្រូវឱ្យសុំច្បាប់ឱ្យបានត្រឹមត្រូវ ដោយលើកនេះមិនមានការណែនាំឬជូនដំណឹងទៀតទេ ព្រោះបានជូនដំណឹង និងទុកពេលជាយូរណាស់មកហើយ ។
ជាក់ស្ដែងទីតាំងយានដ្ឋានធ្វើអាជីវកម្មជួសជុលកែច្នៃដំឡើងយានយន្តមិនមានច្បាប់អនុញ្ញាតជាច្រើនកន្លែងត្រូវបានមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌសែនសុខចុះទៅបិទជាបណ្ដោះអាសន្នរង់ចាំឱ្យម្ចាស់ទីតាំងទៅសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវជាមុនសិនទើបអនុញ្ញាតឱ្យបើកអាជីវកម្មឡើងវិញ។
លោកស្រីបុប្ផា ផានី អនុប្រធានមន្ទីរសាធារណការ នឹងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ ចាប់ពីពេលនេះទៅ មន្ត្រីរបស់មន្ទីរនឹងសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញដើម្បីចុះតាមទីតាំងយានដ្ឋានជូសជុល កែច្នៃយានយន្តដែលអត់ច្បាប់ទាំងអស់ក្នុងក្រុងដើម្បីបិទអាជីវកម្មបណ្ដោះអាសន្តទៅលើទីតាំងណាដែលអត់ច្បាប់ដោយលែងអប់រំ លែងជូនដំណឹងអីទៀតហើយ ព្រោះការជូនដំណឹងវាញឹក ញាប់ពេកហើយ យានដ្ឋានខ្លះក៏ធ្លាប់បិទជាលើកទី១រួចហើយដែរ តែម្ចាស់ទី តាំងនៅតែរឹងរូសមិនព្រមធ្វើច្បាប់អនុញ្ញាតដដែល។
លោកស្រីបបុបា្ឆ ផានី បានរំលឹកថា ក្នុងរាជធានីភ្នំពេញមានយានដ្ឋានធ្វើអាជីវកម្មជួសជុលកែច្នៃដំឡើងយានយន្តសរុប៩៧១ទីតាំង ក្នុងនោះអត់ច្បាប់មាន៣៩០ទីតាំង។ ដោយឡែកក្នុងខណ្ឌសែនសុខមាន១១០ទីតាំង មានច្បាប់អនុញ្ញតតែចំនួន៧៣ទីតាំង៕ សំរិត