ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំជ្រៃ ជួបសំណេះសំណាលសួរសុខទុក្ខ និងរៀបចំអាហារសាមគ្គីជូនលោកគ្រូ អ្នកគ្រូ និងគ្រូចូលនិវត្តន៍ ក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
លោក ស សុខា បានថ្លែងថា៖ ពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីជាការរំលឹក និងតបស្នងចំពោះគុណូបការៈលោកគ្រូ អ្នកគ្រូ ដែលបានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី បង្ហាត់បង្រៀន អប់រំទូន្មានទម្រស់ទិសដល់សិស្សានុសិស្ស រហូតទទួលបានទាំងចំណេះដឹង ចំណេះធ្វើ និងផ្លូវដើរដ៏ត្រឹមត្រូវ សម្រាប់អនាគត។
លោកបន្តថា៖ លោកគ្រូ អ្នកគ្រូ គឺជាឪពុកម្តាយទី២ ដែលបានផ្ទេរទាំងចំណេះដឹង ចំណេះធ្វើ និងអប់រំទូន្មានសិស្សានុសិស្ស ឲ្យដើរលើផ្លូវល្អ ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់ ។ ដូច្នោះសូមប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ គួរនឹករលឹកដល់គុណលោកគ្រូ អ្នកគ្រូ ត្រឹមតែ “ចេកទុំមួយស្និត” ទៅសួរសុខទុក្ខពួកគាត់ ក៏ជាការតបស្នងដ៏ល្អប្រសើរដែរ។
លោកថ្លែងសូមគោរពជូនពរលោកគ្រូ អ្នកគ្រូ គ្រូចូលនិវត្តន៍ទាំងអស់ មានសុខភាពល្អ និងបានប្រកបនូវពុទ្ធពរទាំង ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ សិលា