ឥណ្ឌូនេស៊ីបានសម្ពោធអាកាសយានដ្ឋានអន្តរជាតិ Yogyakarta នៅលើកោះជ្វា(Java) ដែលអាចទប់ទល់នឹងការរញ្ជួយដី រលកយក្សស៊ូណាមិបានយ៉ាងល្អបំផុត។
ប្រធានាធិបតីបតីឥណ្ឌូនេស៊ី លោក Joko Widodo បានចូលរួមនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋាន Yogyakarta (YIA)នេះ។ លោកវីដូដូ បានលើកឡើងថា នេះជាអាកាសយានដ្ឋានទំនើបបំផុតរបស់ប្រទេសឥណ្ឌូនេស៊ីនាពេលបច្ចុប្បន្ន ។ អាកាសយានដ្ឋានYogyakarta (YIA) បានសាងសង់ឡើងក្នុងរយៈពេលតែ២០ខែប៉ុណ្ណោះ ដោយត្រូវចំណាយប្រាក់អស់១១,៣ពាន់លានRupiah។ ប្រធានាធិបតី បានលើកឡើងថា ចំណុចពិសេសរបស់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ គឺអាចទប់ទល់និឹងការរញ្ជួយដីកម្រិត៨,៨រ៉ិចទ័រនិងរលកយក្សស៊ូណាមិកម្ពស់១២ម៉ែត្រ។
អាកាសយានដ្ឋានអន្តរជាតិ Yogyakarta (YIA) ល្អជាងអាកាសយានដ្ឋាននៅទីក្រុងផ្សេងៗក្នុងប្រទេសឥណ្ឌូនេស៊ី ។ អាកាសយានដ្ឋាននេះ មានផ្លូវហោះហើរនិងចុះចតវែង អនុញ្ញាតឲ្យយន្តហោះធុនធំ ដូចជា Airbus 320 ឬ Boeing 777ចុះចតបាន។ ចំណែកស្ថានីយវិញមានទំហំដល់ទៅ ២១៩ពាន់គីឡូម៉ែត្រក្រឡា អាចស្វាគមន៍អ្នកដំណើរដល់ទៅ២០លាននាក់។
ប្រធានាធិបតីឥណ្ឌូនេស៊ី បានវាយតម្លៃខ្ពស់ចំពោះអាកាសយានដ្ឋានខាងលើ។ ប្រធានាធិបតី វីដូដូ បានលើកឡើងថា បើទោះបីពេលនេះ អាកាសយានដ្ឋានមិនទទួលអ្នកដំណើរបានច្រើន ប៉ុន្តែលោកជឿជាក់ថា ក្រោយពេលមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ អាកាសយានដ្ឋាននេះនឹងក្លាយជាអាកាសយានដ្ឋានមមាញឹកបំផុតនៅឥណ្ឌូនេស៊ី ៕