សារព័ត៌មាន ក្យូដូរបស់ជប៉ុនបានផ្សាយថា បណ្តាតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យសេរី LDP កាន់អំណាច បានសម្រេចជ្រើសរើសថ្ងៃទី១៥ខែកញ្ញា ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសមេបក្សថ្មី ជំនួសនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលទើបតែប្រកាសលាលែងចេញពីតំណែង។
បុគ្គលកាន់តំណែងជាប្រធានគណបក្ស LDP មានន័យថា គឺត្រូវតែកាន់តំណែងជានាយករដ្ឋមន្ត្រីដោយស្វ័យប្រវត្តិ ដោយសារតែគណបក្សនេះមានសំឡេងភាគច្រើនក្នុងសភា ។ ជាធម្មតា គណបក្សLDP ត្រូវប្រកាសពីគម្រោងជ្រើសរើសមេបក្សថ្មីនៅខែកញ្ញា។ ជាធម្មតាគណបក្សនេះត្រូវប្រកាសពីគម្រោងជ្រើសរើសមេបក្សមុនមួយខែ ប៉ុន្តែដោយសារតែការលាលែងចេញពីតំណែងដោយចៃដន្យ គឺត្រូវតែជ្រើសរើសឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន។
កាលពីថ្ងៃទី២៨ខែសីហា នាយករដ្ឋមន្ត្រី អាបេ បានប្រកាសសម្រេចលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីដោយបញ្ហាសុខភាព តាមការណែនាំរបស់ក្រុមគ្រូពេទ្យ។ ភ្លាមៗនោះគណបក្សLDP ក៏បានបើកកិច្ចប្រជុំជាបន្ទាន់ដើម្បីស្វែងរកអ្នកជំនួសតំណែងដ៏សំខាន់នេះ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា មេដឹកនាំថ្មីនៅជប៉ុននិឹងត្រូវប្រឈមបញ្ហាជាច្រើន ក្នុងនោះមានសង្គ្រាមទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ជាដើម ព្រមទាំងបញ្ហាទំនាក់ទំនងការបរទេស សេដ្ឋកិច្ច… ជាមួយសហគមន៍អន្តរជាតិ ពិសេសគឺអាមេរិក៕