សញ្ញាមិនល្អរបស់ប្រធានាធិបតីដូណាល់ ត្រាំសម្រាប់ការបោះឆ្នោតខែវិច្ឆិកា

ចែករំលែក៖

តាមតួរលេខ​របស់ Nielsen បានបង្ហាញឲ្យឃើញថា ក្នុងមហាសន្និបាតរបស់គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ​ ដែលបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ បណ្តាញសង្គមផ្សេងៗ បង្ហាញឲ្យឃើញថា ចំនួនអ្នកទស្សនាលោកត្រាំ មានតិចជាង​ឆ្ងាយ​ពីចំនួនអ្នកទស្សនា​លោក ចូ បៃឌិន។
ចំណែកកាលពីឆ្នាំ​​២០១៦ នៅពេលនោះពលរដ្ឋអាមេរិកទស្សនា​លោកត្រាំ ខ្ពស់ជាងលោកស្រីហុីលឡារី
គ្លីនតុន​ ហើយលទ្ធផលបោះឆ្នោត ជ័យជម្នះ​ក៏បានទៅលើប្រធានាធិបតីដូណាល់ ត្រាំ ។
ក្រោយមហាសន្និបាតគណបក្សសាធារណរដ្ឋ​ លោកត្រាំ​បានអួតអាងនៅលើបណ្តាញសង្គម ​Twitter ថា​ នៅក្នុងសុន្ទរកថា​កាលពីយប់ថ្ងៃទី​២៧ខែសីហា​ បានទាក់ទាញអ្នកទស្សនា និងវាយតម្លៃវិជ្ជមានជាច្រើន។​ ផ្ទុយទៅវិញ​ តាមតួលេខផ្លូវការរបស់ Nielsen បាន​បង្ហាញឲ្យឃើញថា ចំនួនពលរដ្ឋ តាមដានលោកត្រាំ តិចជាងលោកចូបៃឌិន។
ជាក់ស្តែង នៅយប់ទី​១នៃមហាសន្និបាតបក្សទាំងពីរ ក្នុងសុន្ទរកថា​របស់​ភរិយាអតីតប្រធានាធិបតីអាមេរិក Michelle Obama បានទាក់ទាញអ្នកទស្សនាជាង​១៨,៧លាននាក់​។ ចំណែក​សុន្ទរកថា​របស់ សមាជិកព្រឹទ្ធសភា Tim Scott និងមន្ត្រីមួយចំនួន​របស់គណបក្សសាធារណរដ្ឋ​ទទួលបានចំនួនទស្សនា​តែ ១៥,៨លាននាក់ប៉ុណ្ណោះ​។
យប់ទីពីរនៃមហាសន្និបាត គឺមានចំនួនអ្នកទស្សនាប្រហាក់ប្រហែលគ្នា​ គឺសុន្ទរកថា​របស់លោកស្រីJill Biden ភរិយាលោក ចូ បៃឌិន ទាក់ទាញ​អ្នកទស្សនា​១៨,៦លាននាក់​។ ចំណែកការថ្លែងសុន្ទរកថា​របស់លោកស្រី Melania Trump មានអ្នកទស្សនា​១៨លាននាក់ ។
យប់ទី៣​ ការថ្លែងសុន្ទរកថា​របស់បេក្ខភាពអនុប្រធានាធិបតីមកពីគណបក្សប្រជាធិប​តេយ្យ លោកស្រី​Kamala Harris ទទួលបានការទស្សនា​២១,៥លាន​នាក់។ ចំណែក អនុប្រធានាធិបតី Mike Pence ទទួលបានការទស្សសនាតែ​១៥,៧លាននាក់ប៉ុណ្ណោះ​។
យប់ចុងក្រោយ​ សំខាន់បំផុត គឺសុន្ទរកថារបស់ប្រធានាធិបតី​ត្រាំទទួលបានការទស្សនាតែ​១៤,១លាននាក់នៅលើបណ្តាញទូរទស្សន៍ចំនួន​៣ និង ទូរទស្សន៍ខ្សែកាប្លិ៍ចំនួន​៣ផងដែរ។ ចំណែក​លោក បៃឌិនវិញ​ទទួលបានការទស្សនា​១៧,៥លាន នាក់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print