ខេត្តស្វាយរៀង៖យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៥នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយរវាងម៉ូតូបុកអ្នកថ្មើរជើងនិងរថយន្តបុកជាមួយម៉ូតូក្នុងក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថាករណីទី១បានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទី ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៥៤-១៥៥ ស្ថិតនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង រវាងម៉ូតូម៉ាកហុងដាC១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ១FH-៩២៣៩ បានធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះយា វុទ្នី ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ
និងអ្នករួមដំណើរម្នាក់ត្រូវជាប្រពន្ធមានឈ្មោះ ស៊ិប ហៀង អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ
រស់នៅភូមិក្លែងគង់ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។លុះមកដល់កន្លែងកើតហេតុខាងលើក៏បានបុកប៉ះនិងអ្នកដើថ្មើរជើងម្នាក់កំពុងដើរឆ្លងកាត់ថ្នល់ ឈ្មោះ នង យឹប ភេទស្រី អាយុ ៧៨ ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បណ្ដាលឲ្យរងរបួសធ្ងន់ដោយបច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
ករណីទី២បានកើតឡើងនៅវេលាម៉ោង ៨និង៥០នាទីយប់ ២៩ ខែ សីហា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦៣-១៦៤ ស្ថិតនៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តមួយគ្រឿងម៉ាកហាយលេនឌ័រពណ៌ស( អ្នក បើកបរមិនស្គាល់អត្តសញ្ញាណ)បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុខាងលើក៏បានបុកប៉ះនិងម៉ូតូមួយ គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខពោធិ៍សាត់១J-៣៧២៣បើកបរដោយមិនស្គាល់អត្តសញ្ញាណភេទប្រុស ជនជាតិខ្មែរ និងអ្នករួមដំណើរម្នាក់ទៀត (មិនស្គាល់អត្តសញ្ញាណ) ទិសដៅស្របគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់ រីឯអ្នកបើកបររថយន្តក្រោយបង្លហេតុបានបើករថយន្តគេចខ្លួនបាត់ ។
បច្ចុប្បន្នអ្នករងរបួសទាំង២ នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។
ចំណែកមធ្យោបាយធ្វើដំណើរសមត្ថកិច្ចអូសយកម៉ូតូ យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុគ្រោះថ្នាក់នេះដោយសារតែ អ្នកបើកម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទើបជួបករណីចរាចរណ៏នេះកើតឡើងបែបនេះ៕
យឹម សុថាន