រឿងព្រេងខ្មែរ÷រឿង ក្រពើ និងអ្នក​បររទេះ

ចែករំលែក៖

មាន​សត្វ​ក្រពើ​មួយ​អាស្រ័យ​នៅ​ក្នុង​បឹង​ធំ លុះ​ដល់​រដូវ​ប្រាំង​ទឹក​បឹង​នោះ​ក៏​រីង​ស្ងួត​អស់ ក្រពើ​នោះ​នៅ​ពុំ​បាន ទើប​វារ​ឡើង​លើ​គោក ដើរ​ត្រេច​រក​ទី​មាន​ទឹក ។

កាល​នោះ​មាន​តា​ចាស់​ម្នាក់ បរ​រទេះ​មក បាន​ជួប​នឹង​ក្រពើ​កំពុង​វារ​នៅ​កណ្ដាល​ផ្លូវ ។

ឯ​ក្រពើ​ក៏​សុំ​ដោយសារ​រទេះ​តា​នោះ តា​សួរ​ថា “ ចៅ​ឯង​ទៅ​ណា​ដែរ ? ក្រពើ​ប្រាប់​ថា “ ខ្ញុំ​នេះ​រក​ទី​អាស្រ័យ​គ្មាន​ទេ គឺ​បឹង​ដែល​ខ្ញុំ​ធ្លាប់​រស់​នៅ​នោះ ឥឡូវ​ទឹក​រីង​ស្ងួត​អស់ នឹង​នៅ​ត​ទៅ​ពុំ​បាន ទើប​ខ្ញុំ​ខំ​ស្វែង​រក​បឹង ស្ទឹង ទន្លេ ឯ​ណា​ដែល​មាន​ទឹក នឹង​អាស្រ័យ​នៅ បើ​តា​មេត្តា​សូម​នាំ​ខ្ញុំ​ទៅ​ឲ្យ​បាន​ដល់​ទី​ណា​ដែល​មាន​ទឹក ហើយ​ដាក់​ខ្ញុំ​ត្រង់​ទី​នោះ​ចុះ” ។ តា​នោះ​ក៏​ព្រម ទើប​ដោះ​គោ​ចេញ​ពី​នឹម ហើយ​លើក​ក្រពើ​ឡើង ដាក់​សណ្ដូក​លើ​ទូក​រទេះ ហើយ​ដោយ​ក្រពើ​មិន​ទុក​ចិត្ត​ខ្លួន​ក្រែង​ធ្លាក់​ទើប​ប្រើ​ឲ្យ​តា​នោះ​យក​ខ្សែ​មក​ចង​ខ្លួន​ភ្ជាប់​នឹង​ទូក​រទេះ តា​ក៏​ធ្វើ​តាម​ពាក្យ​ក្រពើ ស្រេច​ហើយ​តា​ក៏​ទឹម​គោ​បរ​ចេញ​ទៅ លុះ​ដល់​ទី​បឹង ១ មាន​ទឹក​តា​ក៏​បញ្ឈប់​រទេះ​ដោះ​គោ​ចេញ ហើយ​ស្រាយ​ចំណង​ក្រពើ ប្រាប់​ថា “ បឹង​នេះ​មាន​ទឹក​គួរ​ហើយ ចូរ​ចៅ​លូន​ទៅ​នៅ​បឹង​នេះ​ចុះ”

ឯ​ក្រពើ​ជា​សត្វ​អកតញ្ញូ​មិន​ដឹង​គុណ​គេ ថែម​ទាំង​ឃ្លាន​អាហារ ដោយ​អត់​មក​យូរ​ថ្ងៃ​ហើយ ក៏​និយាយ​ទៅ ថា “ តា​ឯង​នេះ​ចង​យើង​ភ្ជាប់ នឹង​ទូក​រទេះ យើង​បាន​សេចក្ដី​ទុក្ខ​វេទនា​ពន់​ពេក​ណាស់ តា​ឯង​ត្រូវ​ឲ្យ​គោ​យើង ១ ស៊ី ទើប​តា​ឯង​រួច​ទោស, បើ​មិន​ឲ្យ​គោ​ដល់​យើង​ទេ ត្រូវ​យើង​ស៊ី​តា​ឯង​ក្នុង​ពេល​ឥឡូវ​នេះ ” ។

តា​នោះ​លុះ​ឮ​ក្រពើ​ពោល​ពាក្យ​ដូច្នោះ ក៏​ភិត​ភ័យ​ណាស់ ទើប​ស្ដី​អង្វរ​ថា “ នែ​ក្រពើ ! ខ្ញុំ​ឯង​នេះ​មាន​គុណ បាន​ដឹក​នាំ​បា​ឯង​មក​ដល់​ទី​នេះ ឥឡូវ​បា​ចង់​ស៊ី​ខ្ញុំ​វិញ ការ​នេះ​ខ្ញុំ​ឯង​ឥត​ទោស​សោះ មិន​គួរ​អ្នក​នឹង​ពិឃាដ បើ​ដូច្នេះ ខ្ញុំ​មិន​សុខ​ចិត្ត​ទេ ចាំ​ខ្ញុំ​ទៅ​រក​លោក​ចៅ​ក្រម ឲ្យ​លោក​ជួយ​វិនិច្ឆ័យ​រឿង​យើង​នេះ​សិន សឹម​ប្រតិបត្តិ​តាម​ទៅ ” ។ ក្រពើ​ក៏​ព្រម​ថា “ អើ​តា​ឯង​ទៅ​រក​ចៅ​ក្រម​ណា​ក៏​ទៅ​ឲ្យ​ឆាប់​ចុះ យើង​ចាំ​តា​ឯង​នៅ​ទី​នេះ ” ។

តា​នោះ​បាន​ចេក​ទុំ ១ ស្និត ក៏​កាន់​ដើរ​ទៅ​រក​ចៅ​ក្រម ។ ទៅ​ជួប​នឹង​សត្វ​ទន្សាយ​គល់​មួយ នៅ​លើ​ដំបូក ទន្សាយ​ក្រឡេក​ឃើញ​តា​កាន់​ចេក​ដើរ​កាត់​ព្រៃ​ចូល​មក​ក៏​សួរ​ទៅ​ថា “ តា​អើយ​តា តា​ឯង​មាន​នេត្រា​ជល​ជោរ​សោក​សៅ តើ​មាន​ទោស​ទុក្ខ​យ៉ាង​ណា ចូរ​មក​នេះ​សិន ? ”

តា​ក៏​និយាយ​រឿង​ខ្លួន នឹង​ក្រពើ​ដែល​កើត​ហេតុ​នឹង​គ្នា​ប្រាប់​ទន្សាយ​នោះ​សព្វ​ប្រការ ។

ទន្សាយ​បាន​ស្ដាប់​ដូច្នោះ​ក៏​ថា “អើ​អា​សត្វ​ក្រពើ​នោះ​ជា​សត្វ​មិន​ដឹង​គុណ​តា​ឯង បើ​ដូច្នេះ​ខ្ញុំ​នឹង​ទទួល​ធ្វើ​ជា​ចៅ​ក្រម​ជម្រះ​ឲ្យ តា​កុំ​ភ័យ ឲ្យ​តែ​ចេក​នេះ​មក​ខ្ញុំ​ស៊ី​សិន សឹម​ទៅ​ជា​មួយ​គ្នា ” ។

តា​នោះ​ក៏​ឲ្យ​ចេក ១ ស្និត​ទៅ​ទន្សាយ ៗ បរិភោគ​ចេក​អស់​ហើយ​ក៏​នាំ​គ្នា​ទៅ​កាន់​ដំណាក់​ដែល​ឈប់​នោះ ដល់​ហើយ​ទន្សាយ​និយាយ​ទៅ​ថា “ ម៉េច​ចៅ​ក្រពើ ចៅ​ឯង​វង្វេង​ផ្លូវ​ព្រៃ មិន​ដឹង​ជា​ទៅ​ឯ​ណា​បាន​ជា​តា​គាត់​មេត្តា​ឲ្យ​ដោយសារ​មក​ផង ឥឡូវ​បាន​ដល់​ទី​សមគួរ​នឹង​អាស្រ័យ​នៅ​ហើយ ម្ដេច​ចៅ​គិត​វេរ​ឃ្នើស​គុណ​គាត់​នឹង​ស៊ី​គាត់​វិញ​ដូច្នោះ តើ​គាត់​ធ្វើ​ទុក្ខ​ទោស​អ្វី​ដល់​ចៅ​ឯង ?”។

ក្រពើ​ក៏​ឆ្លើយ​ថា “ អើ​លោក​សុភា តា​នេះ​គាត់​ឲ្យ​ខ្ញុំ​ដោយ សារ​មក​នោះ​ក៏​មែន ប៉ុន្តែ​គាត់​ធ្វើ​បាប​ខ្ញុំ​ខ្លាំង​ណាស់ គឺ​គាត់​ចង​ខ្ញុំ​ភ្ជាប់​ទៅ​នឹង​ទូក​រទេះ​ខ្លាំង​ពេក រក​តែ​រើ​ខ្លួន​ដក​ដង្ហើម​ក៏​ពុំ​បាន គាត់​ធ្វើ​ទុក្ខ​ខ្ញុំ​យ៉ាង​នេះ បាន​ជា​ខ្ញុំ​ខឹង គាត់​ត្រូវ​តែ​ប្រគល់​គោ​គាត់​បាន​មួយ មក​ឲ្យ​ខ្ញុំ​ស៊ី បើ​គាត់​ពុំ​ព្រម​ឲ្យ​គោ​នោះ​ទេ ខ្ញុំ​ត្រូវ​ស៊ី​គាត់​វិញ ” ។

ទន្សាយ​ឆ្លើយ​អនុលោម​តាម​ថា “ អើ​តា ! តា​ឯង​ចង​គេ​តឹង​ខ្លាំង​ហួស បាន​ជា​គេ​ខឹង ចុះ​តា​ឯង​ម្ដេច​ក៏​ចង​គ្នា​តឹង​ខ្លាំង​ម្ល៉េះ គ្នា​រក​តែ​រើ​ខ្លួន​មិន​បាន​រួច ដូច្នោះ តា ? ” ។

តា​នោះ​ថា: ទេ ! ខ្ញុំ​បាទ​មិន​បាន​ចង​តឹង​ទេ​លោក ចង​ល្មម​តែ​ជាប់​ពុំ​ឲ្យ​ធ្លាក់​ប៉ុណ្ណេះ​ឯង ។

ទន្សាយ​ថា: “ អើ ! ខាង​ចោទ​ក៏​ថា ចង​តឹង​ខ្លាំង ខាង​ចម្លើយ​ថា ចង​ល្មម ពាក្យ​អ្នក​ទាំង ២ នាក់​នេះ សឹង​ពុំ​មាន​អ្នក​ណា​ជា​កសិណ​ទេ បើ​ដូច្នោះ ត្រូវ​ចៅ​ក្រពើ​ឯង លូន​ឡើង​មក​លើ​ទូក​រទេះ​វិញ ឲ្យ​តា​គាត់​ចង​ម្ដង​ទៀត យើង​នឹង​មើល​ឲ្យ​ដឹង​ថា​តឹង ឬ ធូរ ទើប​នឹង​កាត់​សេចក្ដី​នេះ​ឲ្យ​យុត្តិធម៌​ទៅ​បាន ” ។

ឯ​ក្រពើ​ជា​សត្វ​ខ្លៅ ក៏​វារ​ឡើង​ទៅ​ក្រាប​លើ​ទូក​រទេះ ឲ្យ​តា​នោះ​ចង​ដូច​មុន តា​យក​ចំណង​មក​ចង​ដូច​មុន​វិញ ទន្សាយ​សួរ​ថា: ម្ដេច​ចៅ​កុម្ភា, តា​គាត់​ចង​តឹង​យ៉ាង​នេះ​ឬ ? ក្រពើ​ឆ្លើយ​ថា ! “ ទេ លោក ! កាល​គាត់​ចង​ខ្ញុំ​មុន​នោះ​តឹង​លើស​នេះ​ខ្លាំង​ណាស់ បើ​ចង​ប៉ុណ្ណេះ ខ្ញុំ​ទៅ​ខឹង​អ្វី​នឹង​គាត់”។ ទន្សាយ​ថា “អើ ចូរ​តា​រឹត​ទ្វេ​ឡើង​ទៀត​ឲ្យ​បាន​សុខ​ចិត្ត ”។ តា​នោះ​ក៏​រឹត​ចំណង​ឡើង​ទៀត។ ទន្សាយ​សួរ​ថា “ ម្ដេច ! ចៅ​កុម្ភា ម្ដង​នេះ​តើ​តឹង​ដូច​កាល​ជាន់​មុន​នោះ​ហើយ ឬ​នៅ ? ” ។ ក្រពើ​ថា “នៅ ! ពុំ​ទាន់​ស្មើ​ចង​មុន​នោះ​ទេ ” ។ ទន្សាយ​បង្គាប់​ថា “ តា​ឯង​កាប់​ឈើ​មក​ធ្វើ​ជា​កូន​កំព្រា​រឹត​ម្ដង​ទៀត​ទៅ ” តា​នោះ​ក៏​ធ្វើ​តាម ហើយ​តាំង​ត្របែង​រឹត​ទាំង​មុខ​ទាំង​ក្រោយ​អស់​ទំហំ​ដៃ ។ ឯ​ក្រពើ​នោះ​ត្រូវ​គេ​ត្របែង​ដោយ​កូន​កំព្រា​ខ្លាំង តឹង​ខ្លួន​ស្ទើរ​តែ​ដក​ដង្ហើម​ចេញ​ពុំ​បាន ទើប​ឆ្លើយ​ថា “សូម​ទាន​កាល​ជាន់​មុន​នោះ គាត់​ចង​តឹង​យ៉ាង​នេះ​ឯង, លោក​អើយ​នរណា​ឡើយ​នឹង​អត់​បាន សូម​លោក​ជា​សាក្សី​មើល​ចុះ តើ​អ្នក​ឯ​ណា​ខុស​ឯ​ណា​ត្រូវ ” ។

ទន្សាយ​ឃើញ​ក្រពើ​រើ​ខ្លួន​ពុំ​រួច​ហើយ ទើប​បង្គាប់​តា​នោះ​ថា “ តា​ចាំ​អ្វី​ទៀត ពូថៅ​ធំ​ក្នុង​រទេះ​នោះ​មិន​យក​មក​ពុះ​ក្បាល​វា​ទៅ ទុក​ឲ្យ​វា​រស់​ធ្វើ​អ្វី ខ្មោច​អា​សត្វ​អកតញ្ញូ ពុំ​ដឹង​គុណ​គេ ដែល​ធ្វើ​គុណ​ខ្លួន ” ។ តា​ចាស់​នោះ​បាន​ឱកាស​ដោយ​ទន្សាយ​ប្រាប់​ដូច្នោះ ក៏​ស្ទុះ​ទៅ​យក​ពូថៅ​ធំ​មក សំពង​កាប់​ក្រពើ​នោះ កាត់​ជា​កំណាត់​តូច​ធំ ក្រពើ​ក៏​លុះ​នូវ​ក្ដី​អន្តរាយ​ជីវិត​ហោង ។

សុភា​ទន្សាយ​បង្គាប់​ថា “កង​កន្ទុយ​វា​នោះ តា​ឯង​ឆ្អើរ​ដាក់​យក​ទៅ​ស្ងោរ​ពិសា​ឬ​ញាំ​ក៏​បាន ឯ​ពោះ​វៀន​បត់​ចន្ទាស​​វា​នោះ ញាំ​ភ្លា​ជា​ការ​ប្រសើរ​ណាស់​តា​អើយ ” ។

ឯ​តា​នោះ ធ្វើ​តាម​សុភា​ទន្សាយ​ប្រាប់​សព្វ​ប្រការ ហើយ​យក​ចេក​ត្រសក់​ជូន​ទន្សាយ​ដោយ​ខ្លួន​បាន​ផុត​អំពី​អន្តរាយ ស្រេច​ហើយ​យក​គោ​មក​ទឹម​រទេះ លា​សុភា​ទន្សាយ​បរ​ទៅ​កាន់​ទី​ឋាន​នៃ​អាត្មា​ហោង។(ចប់)នេះហើយគេហៅក្រពើរមើលគុណ ឬ ធ្វើគុណបានទោស 

៕កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print