ខេត្តស្វាយរៀង៖ បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗខណៈដែលជនរងគ្រោះជិះម៉ូតូបុករថយន្តកុងតឺន័រដែលឈប់ចតលើផ្លូវខ្វះការប្រុងប្រយ័ត្ន( មិនដាក់ភ្លើងសញ្ញាអាសន្ន និង សញ្ញាត្រីកោណ ) ពីក្រោយយ៉ាងពេញទំហឹងលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រលប់។
ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៦និង៣៥នាទីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ស្ថិតនៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៩និង១៣០ ក្នុងភូមិថ្មី សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះវ៉ា សារិត អាយុ ៤០ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិថ្មី សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១A- ៣៧៣៤បានខូចខាតទាំងស្រុង។
ចំណែកអ្នកបើកបររថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះក្រោយពីមានហេតុការណ៍កើតឡើងបែបនេះបានរត់គេចខ្លួនបាត់បន្សល់តែរថយន្ដកុងតឺន័រមួយគ្រឿងម៉ាក DEWOO ពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣F-០២៧២ សឺមីរុឺម៉កពាក់ស្លាកលេខ ភ្នំពេញ ៤A- ៧៥៧៤នៅនិឹងកន្លែង។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ដកុងតឺន័រមួយគ្រឿងម៉ាក DEWOOបានឈប់ចតលើផ្លូវក្នុងទិសដៅពីកើតទៅលិចខ្វះការប្រុងប្រយ័ត្ន ( មិនដាក់ភ្លើងសញ្ញាអាសន្ន និងសញ្ញាត្រីកោណ) ខណៈនោះស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១A-៣៧៣៤ស្របគ្នាមកបុកពីក្រោយរថយន្តពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងវាស់វែងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយនាពេលក្រោយតាមច្បាប់៕ យឹម សុថាន