ក្លិបយក្សលីគកំពូលបារាំង Paris Saint-Germain បាននិយាយកាលពីថ្ងៃចន្ទថា កីឡាករពីរនាក់របស់ក្រុម ដែលមិនបញ្ចេញឈ្មោះបានរកឃើញរោគសញ្ញាមានជំងឺឆ្លងកូវីដ-១៩។
សេចក្តីថ្លែងការណ៍មួយរបស់ក្រុមជើងឯករងនៃក្របខ័ណ្ឌ Champions League បាននិយាយថា “កីឡាករពីរនាក់របស់ក្រុម Paris Saint-Germain ត្រូវបានគេសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ប៉ុន្តែសុខភាពរបស់ពួកគេនៅរឹងមាំល្អ ហើយកំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ។
កាសែតកីឡាបារាំង L’Equipe បានរាយការណ៍ថា កីឡាករទាំងពីរអាចជាកីឡាករអាហ្សង់ទីនគឺ Angel Di Maria និង Leandro Paredes ដែលបានឈប់សម្រាកជាមួយគ្នានៅកោះ Ibiza បន្ទាប់ពីការប្រកួត Champions League វគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុម Bayern Munich កាលពីថ្ងៃទី២៣ ខែសីហា។ កោះនេះគឺជាតំបន់មួយនៃតំបន់នៅអេស្ប៉ាញដែលមានអត្រាឆ្លងជំងឺកូវីដ-១៩ច្រើនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ក្រុមម្ចាស់ជើងឯកបារាំងឥឡូវនេះកំពុងរង់ចាំលទ្ធផលចុងក្រោយនៃការធ្វើតេស្តហើយប្រសិនបើមានការបញ្ជាក់វិជ្ជមានអ្នកទាំងពីរនឹងខកខានការធ្វើដំណើរទៅប្រកួតនៅថ្ងៃទី១០ ខែកញ្ញាសម្រាប់ការបើករដូវកាល Ligue 1 ២០២០-២០២១ របស់ពួកគេ។
គណៈគ្រប់គ្រងបាល់ទាត់របស់ប្រទេសបារាំងបានសំរេចថា ក្រុមមួយត្រូវតែលុបចោលកម្មវិធីហ្វឹកហាត់របស់ខ្លួនប្រសិនបើមានករណីវិជ្ជមាន ពីជំងឺកូវីដ-១៩ទៅលើកីឡាករ ឬបុគ្គលិកក្លិបនោះការប្រកួតរបស់ក្លិបនោះអាចត្រូវបានពន្យារពេល ៕ដោយ៖ភារៈ