លោក ឃួង ស្រេង៖ យើងរួមគ្នាទប់ស្កាត់ការធ្វើបដិវត្តន៍ពណ៍ និងអំពើអសកម្មផ្សេងៗដែលនាំអោយប្រទេសជាតិធ្លាក់ទៅក្នុងភ្លើងសង្រ្គាម ដូចអតីតកាល

ចែករំលែក៖

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងអំពាវនាវដល់យុវជន-យុវនារី និងបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ការធ្វើបដិវត្តន៍ពណ៌ និងអំពើអសកម្មផ្សេងៗ ដែលនាំអោយប្រទេសជាតិធ្លាក់ទៅក្នុងភ្លើងសង្រ្គាម ដូចអតីតកាល។
ការអំពាវនាវរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាពេលនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចូលរួមក្នុង ពិធីសម្ពោធរូបសំណាក់ “ស្រ្តីកំពុងអង្គុយឱបកូន” នៅបរិវេណមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានធ្វើការអំពាវនាវដល់យុវជន-យុវនារី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់បដិវត្តន៍ពណ៍ ការបម្រើមនោគមន៍វិទ្យាបរទេស និងប្រឆាំងរាល់ការជ្រៀតជ្រែកពីសំណាក់កម្លាំងអមិត្ត មិនអោយមានក្រុមណាមួយ ឬចលនាណាមួយទាញសង្គមជាតិរបស់យើង អោយធ្លាក់ចូលទៅក្នុងវិបត្តិកលិយុគដូចអតីតកាល ទោះក្នុងតម្លៃណាក៏ដោយ ។ ឯកឧត្តមបានបញ្ជាក់ថា តម្លៃនៃសន្តិភាព គឺមិនអាចកាត់ថ្លៃបានទេ ព្រោះកម្ពុជាបានធ្លាប់ហែលឆ្លងនៅភ្លើងសង្រ្គាមជាច្រើនរួចរាល់ហើយ ។
ជាមួយគ្នានេះតាមរយៈការកសាង រូបសំណាក់ “ស្ត្រីកំពុងអង្គុយអោបកូន” ស្ថិតក្នុងបរិវេណ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនាពេលនេះ គឺដើម្បីរំលឹកឡើងវិញនូវសច្ចធម៌ប្រវត្តិសាស្ត្រ នៃជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ដែលត្រូវព្រាត់ប្រាស់ក្រុមគ្រួសារ “ប្រពន្ធព្រាត់ប្ដី ប្ដីព្រាត់កូន” ហើយក៏មិនដឹងថាត្រូវព្រាត់ស្លាប់ឬព្រាត់រស់ ឯអ្នករស់ក៏រងចាំតែពេលត្រូវគេយកទៅសម្លាប់តែប៉ុណ្ណោះពោលគឺ ជីវិតមានតែក្តីអស់សង្ឃឹម និងភាពភ័យរន្ធត់គ្រប់ពេលវេលា។ ដូច្នេះយើងត្រូវ ចងចាំគ្មានថ្ងៃបំភ្លេច និងត្រូវផ្សព្វផ្សាយ ដល់មនុស្សជំនាន់ក្រោយ អោយបានយល់ដឹង កុំអោយរបបព្រៃផ្សៃនេះ វិលត្រឡប់មកលើសង្គមជាតិយើងជាលើកទី២ទៀតអោយសោះ ។
សូមបញ្ជាក់ថា រូបសំណាក់ “ស្រ្តីកំពុងអង្គុយឱបកូន” ត្រូវបានធ្វើឡើងអំពីស្ពាន់ មានកំពស់២ម៉ែត្រ ទទឹង១.៣ម៉ែត្រ និងមានទម្ងន់ប្រមាណ៩០០គីឡូក្រាម ដោយចំណាយអស់ថវិកា ៤២,៤៥១ដុល្លាអាមេរិក ដោយសរុបជាមួយនិងការធ្វើកំណាយ និងធ្វើផ្លូវដើរព័ទ្ធជុំវិញ ។ ការធ្វើរូបសំណាក់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង បង្ហាញអំពីជីវិតរស់នៅក្នុងស្ថានភាពអស់សង្ឃឹមទុក្ខសោក ក្រៀមក្រំ និងភ័យរន្ធត់ ដែលប្រជាពលរដ្ឋកម្ពុជាឆ្លងកាត់ក្នុងរបបខ្មែរក្រហម ៕

ប្រភព៖ ទទក

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print