អតីតអនុប្រធានាធិបតីអាមេរិក និងជាបេក្ខភាពប្រធានាធិបតីអាមេរិកសម្រាប់ការបោះឆ្នោតនៅដើម ខែវិច្ឆិកា ឆ្នាំ២០២០ លោកចូ បៃឌិន បានថ្កោលទោសយ៉ាងខ្លាំងដល់ប្រធានាធិបតីត្រាំថា បានជំរុញឲ្យមានអំពើហិង្សានៅលើទឹកដីអាមេរិក ជាច្រើនឆ្នាំកន្លងមក។ លោកបៃឌិនបានរិះគន់យ៉ាងខ្លាំងដល់លោក ត្រាំដែលបានលើកឡើងថាទឹកដីអាមេរិកនឹងមិនមានសុវត្ថិភាពឡើយប្រសិនបើគណបក្សប្រជាធិបតេយ្យទទួលបានជ័យជម្នះក្នុងការបោះឆ្នោតខាងមុខនោះ។
មានប្រសាសន៍ នៅទីក្រុងPittsburghកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោកចូ បៃឌិនបានរិះគន់យ៉ាងខ្លាំងដល់ការដឹកនាំមិនបានល្អរបស់លោកត្រាំ ។ លោកបៃឌិនបញ្ជាក់ទៀតថា លោកត្រាំបានធ្វើឲ្យមានអំពើហិង្សានៅទូទាំងអាមេរិកជាច្រើនឆ្នាំកន្លងមក។
លោកបៃឌិនបានលើកឡើងទៀតថា លោកត្រាំ មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រឈមមុខនឹងការណ៍ពិត ក៏ដូចជាការដោះស្រាយផ្សះផ្សារប្រទេសជាតិ។ លោកបន្តទៀតថា «បើលោកត្រាំជាប់ឆ្នោតមួយអាណត្តិទៀត អំពើហិង្សានៅតែផ្ទុះឡើងពេញទឹកដីអាមេរិក»។
បច្ចុប្បន្ន បេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីររូបបានខិតខំឃោសនាស្វែងរកសំឡេងគាំទ្រពីពលរដ្ឋសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០ ។ បេក្ខភាពទាំងពីររូប គឺលោកបៃឌិននិង លោកត្រាំ ពេលនេះកំពុងតែផ្ទុះសង្គ្រាមពាក្យសម្តីនឹងគ្នាពេលឃោសនាបោះឆ្នោត។
កន្លងមក លោកត្រាំបាននិយាយថា ពលរដ្ឋអាមេរិកចាំបាច់ត្រូវតែរៀនភាសាចិនឲ្យហើយទៅ ប្រសិនបើលោកបៃឌិនជាប់ឆ្នោតនោះ៕ដោយ៖ធី រីណា