ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រកាសរៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធលើកទី១ ឆ្នាំ២០២០ ដែលគ្រោងប្រកួតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលាខាងមុខ។ ទន្ទឹមជាមួយការជូនដំណឹងនេះ សហព័ន្ធក៏បានបញ្ជាក់ដល់បណ្ដាក្លិប និងសមាគម អំពីការចុះឈ្មោះចូលរួមផងដែរ ដោយសហព័ន្ធនឹងចាប់ផ្ដើមទទួលពាក្យពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១១ ខែតុលា ពោលគឺមុនការប្រកួត ១សប្ដាហ៍។
ចំពោះវិញ្ញាសារប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះគឺមាន ៨វិញ្ញាសា រួមមានវិញ្ញាសាក្រុមបុរស-ក១, ក្រុមបុរស-ក២, វាយគូបុរស-ក១, វាយគូបុរស-ក២, ឯកត្តជនបុរស-ក១, ឯកត្តជនបុរស–២, ឯកត្តជននារី-ក១ និងវិញ្ញាសាឯកត្តជននារី-ក២។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ថ្នាក់ជាតិនេះរៀបចំដោយ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្រោមការគាំទ្រ និងឧបត្ថម្ភដោយក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតនឹងធ្វើឡើងនៅសាលដំបូលទូកថ្មី ក្នុងពហុកីឡដ្ឋានជាតិតែមួយគត់៕
ដោយ៖ សិលា