បើកជែងមិនផុតបុករថយន្តកុងតឺន័រ ប៉ើងចូលស្នាមភ្លោះកៀបអ្នកបើកបររបួសធ្ងន់១នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់÷អ្នកបើកបររថយន្តម៉ាកសាំយ៉ុង ១គ្រឿងបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅគ្រាដែលបើកបរក្នុងល្បឿនលឿនដូចហោះ បានជ្រុលបុករថយន្តកុងតឺន័រ រួចប៉ើងធ្លាក់ចូលស្នាមភ្លោះកៀបជាប់ក្នុងរថយន្តតែត្រូវបានប្រជាពលរដ្ឋនាំគ្នាគាស់យកចេញស្ទើរមិនចង់បាន ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃអង្គារ ១៤កើតខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៨_១៤៩ ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាចស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

មន្រ្តីនគរបាលប៉ុស្ដិ៍រដ្ឋបាលក្បាលត្រាចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG 4571 គ្មានកៅអី បើកបរដោយឈ្មោះ មាស សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច។ លុះមកដល់ចំណុចកើតហេតុ បានបើកជែងគេឯងមិនផុតក៏រេចង្កូត បុករថយន្តកុងតឺន័រម៉ាក ហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A 7596 នៅគ្រាកំពុងធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យរថយន្តបង្កម៉ាក(សាំយ៉ុង)ប៉ើងធ្លាក់ចូលស្នាមភ្លោះកៀបអ្នកបើកបរជាប់ក្នុងរថយន្តរងរបួសធ្ងន់ធ្ងរតែម្តង។

មន្ត្រីនគរបាលប៉ុស្តិ៍ដដែលបន្តទៀតថា ចំពោះអ្នកបើកបររថយន្តកុងតឺន័រឈ្មោះ សុខ លី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំ.ស្រុកបាធាយ ខេត្តកំពង់ចាម ពុំរងរបួសនោះទេ ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍បញ្ជាក់បន្ថែមទៀតថា ជនរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ភ្លាមៗ។ ដោយឡែកវត្ថុតាងរថយន្តទាំង ២គ្រឿង សមត្ថកិច្ចនគរបាលជំនាញ ចរាចរណ៍ផ្លូវគោកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរដើម្បីបន្តនីតិវិធី ៕
ដោយ÷បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print