ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចនឹងបញ្ជូនខ្លួនកូនប្រុសលោកឧកញ៉ាញឹក ផន ហៅតាកៅ ទៅតុលាការខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ ខែកញ្ញានេះហើយ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងប្រាប់ឲ្យដឹងនាថ្ងៃនេះ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា បើទោះបីបុរសជាភាគីជិះរថយន្តត្រូវបានចាប់ខ្លួនហើយក្តី តែសំណុំ
រឿងនេះមិនទាន់បញ្ចប់នៅឡើយនោះទេ។ កម្លាំងនគរបាលកំពុងបន្តនីតិវិធី ដោយតាមរកបុរសភាគីជិះម៉ូតូមកសួរនាំរឿងជម្លោះក៏ដូចជាការពិន័យលើរឿងបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ។
លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់
ឆ្នាំង បានប្រាប់ឲ្យដឹងថា បន្ទាប់ពីបានឃាត់ខ្លួនលោក ញឹក ផល ជាកូនប្រុសលោកឧកញ៉ាញឹក ផន ជាគូជម្លោះក្នុងរឿងបើកបរនេះហើយនោះ បច្ចុប្បន្នកម្លាំងនគរបាលជំនាញរបស់លោកកំពុងបន្តសំណុំរឿងតាមនីតិវិធី។
លោកស្នងការឱ្យដឹងទៀតថា ក្រៅតែពីកំពុងបន្តនីតិវិធីលើលោកញឹក ផល ហើយនោះ កម្លាំងនគរបាលក៏កំពុងតាមរកលោកប្រាក់ សុបាន អាយុ៣០ឆ្នាំ ជាភាគីជិះម៉ូតូ និង ជាអ្នក
ថតរូបគូជម្លោះរបស់ខ្លួនបង្ហោះ មកសួរនាំលើដំណើររឿង។
បន្ថែមពីលើការសួរនាំលើជម្លោះនេះហើយ ក៏អាចនឹងពិនិត្យលើការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង។ ប្រសិនបើខុសតាម
ច្បាប់ចែង ពីការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងអាច នឹងឈានទៅពិន័យតាមច្បាប់ផងដែរ ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ មានជម្លោះពាក្យសម្តីព្រោះតែការបើកបរលើផ្លូវមួយរវាងអ្នកជិះរថយន្ត និងអ្នកជិះម៉ូតូ នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
តាមរយៈវីដេអូថតដោយបុរសអ្នកជិះម៉ូតូ ហើយបង្ហោះ និង ចែកចាយយ៉ាងព្រោងព្រាតលើបណ្តាញសង្គមនោះ គេបាន
ឃើញបុរសភាគីអ្នកជិះរថយន្ត បាននិយាយគំរាមឱ្យបុរសជិះម៉ូតូបើកបរឱ្យបានត្រឹមត្រូវ ហើយថែមទាំងបានគំរាមបុកអ្នកជិះម៉ូតូផងដែរ។ មិនត្រឹមតែគំរាមបុក និង ប្រើសម្តីធ្ងន់ៗដាក់ទៅបុរសជិះម៉ូតូនោះទេ បុរសជាអ្នកជិះរថយន្តនេះថែមទាំងបានទាញយកកាំភ្លើង AK៤៧ ស្វ័យបត់ ចេញពីក្នុងរថយន្តមកកាន់សម្ញែងនិងគំរាមដាក់ភាគីជម្លោះថែមទៀតផង៕
ដោយ÷ចន្ថា