រដ្ឋាភិបាលស៊ុយអែត នៅតែបន្តឧបត្ថម្ភ គាំទ្រដល់វិទ្យាស្ថានជាតិស្ថិតិ លើគម្រោងអង្កេតសេដ្ឋកិច្ច សង្គមកិច្ច

ចែករំលែក៖

ភ្នំពេញ៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បាទទទួលជួបពិភាក្សាការងារជាមួយលោក Bjorn Haggmark ឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ដោយផ្តោតសំខាន់លើការគាំទ្រកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងស្ថិតិស៊ុយអែត ក្រោមកម្មវិធីភាពជាដៃគូ ដើម្បីគណនេយ្យភាព និងតម្លាភាព ខណៈដែលប្រទេសស៊ុយអែត បានជួយឧបត្ថម្ភគាំទ្រដល់វិទ្យាស្ថានជាតិស្ថិតិ ជាយូរឆ្នាំមកហើយដែរ កាលពី
នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ។

ភាគីទាំងពីរ បានលើកយក និងឯកភាពគ្នា លើកិច្ចការមួយចំនួនដែលមិនទាន់អនុវត្ត ត្រូវបង្កើនការយកចិត្តដាក់រួមគ្នាពន្លឿនដោះស្រាយអោយបានកាន់តែឆាប់ និងមានប្រសិទ្ធភាព។

លោករដ្ឋមន្ត្រី ក៏បានថ្លែងនូវអំណរអរគុណដល់ប្រទេសស៊ុយអែត និងប្រជាជនស៊ុយអែត តាមរយៈអង្គការ Sida ដែលតែងតែយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសជាមួយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការផងដែរ និងស្នើដល់ប្រទេសស៊ុយអែត បន្តឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេស និងថវិកា សម្រាប់គាំទ្រដល់វិទ្យាស្ថានជាតិស្ថិតិ លើគម្រោងអង្កេតសេដ្ឋកិច្ច សង្គមកិច្ច ធ្វើឱ្យប្រសើរឡើងនូវទិន្នន័យ ដើម្បីគាំទ្រដល់ការវាយតម្លៃក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសកល ក៏ដូចជាក្នុងក្របខណ្ឌគោលដៅប្រកបដោយចីរភាពកម្ពុជា
(២០១៦-២០៣០) និងសូចនាករសំខាន់ៗដទៃទៀត។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រីដែលបានយកចិត្តទុកដាក់ខ្ពស់ តបតាមការស្នើរបស់ស្ថានទូត ហើយស្ថានទូតនិងធ្វើការសម្របសម្រួលការងារជាមួយវិទ្យាស្ថានជាតិស្ថិតិ អ្នកគ្រប់គ្រងគម្រោងរបស់ស្ថានទូត បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

លោកទូត បានបញ្ជាក់ថា ស៊ុយអែត នៅតែបន្តការឧបត្ថម្ភគាំទ្រ ទាំងថវិកា និងបច្ចេកទេស រួមការអភិវឌ្ឍធនធាន មនុស្សផ្នែកស្ថិតិ ដល់វិទ្យាស្ថានជាតិស្ថិតិផងដែរ។

ក្នុងឱកាសនោះដែរលោកទូត ក៏បានស្នើសុំជួបពិភាក្សាជាមួយលោកទេសរដ្ឋមន្ត្រី នៅជំនួបក្រោយៗទៀត ជាពិសេសពាក់ព័ន្ធនឹងរបាយការណ៍វឌ្ឍនភាពការអនុវត្តក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសកល នាពេលខាងមុខផងដែរ។ កិច្ចប្រជុំពិភាក្សា បានបញ្ចប់ទៅប្រកបដោយការឯកភាពគ្នា និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ៕

ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print