ព្រឹកនេះ អាជីវករ (ផ្សារណាត់) បានចូលលក់ដូរវិញជាធម្មតាវិញ ខណៈគិតទឹកប្រាក់ខូចខាតអស់ប្រមាណ ៨៣១ ០០០ដុល្លារខេត្តកណ្តាល៖ មន្ត្រី

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្ត្រីរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា៖ អាជ្ញាធរខេត្តបាត់ដំបង ចុះសំណេះសំណាលជាមួយអាជីវករ ដែលបានចូលលក់ដូរវិញជាធម្មតា និងពិនិត្យកន្លែងរងការខូចខាតនៃផ្នែកខ្លះ (ផ្សារណាត់) ដើម្បីធ្វើការសំអាតបន្ត ។

សូមបញ្ជាក់ថា៖ នៅថ្ងៃពុធទី០២ ខែកញ្ញា ឆ្នាំ២០២០លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញចុះសំណេះសំណាលជាមួយអាជីវករ ដែលបានចូលលក់ដូរវិញជាធម្មតា និងពិនិត្យកន្លែងរងការខូចខាតនៃផ្នែកខ្លះ (ផ្សារណាត់) ដើម្បីធ្វើការសំអាតបន្ត ដែលមានការអញ្ជើញចូលរួមពីលោក អភិបាលក្រុង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា អាជ្ញាធរខេត្តអនុញ្ញាតឲ្យលក់ដូរនៅផ្នែកខ្លះធម្មតាឡើងវិញ ព្រោះមិនការប៉ះពាល់ដោយភ្លើងឆេះពីពេលកន្លងទៅ ប៉ុន្តែផ្នែកខាងលិចផ្សារដែករងការឆេះ មិនទាន់ឲ្យចូលលក់ដូរទេ ដោយសារតែ អាគារផ្សារនៅកន្លែងឆេះនេះ បានរងនូវការខូចខាតសំណង់ដំបូលផ្សារ តម្រូវឲ្យមានការរៀបចំជួសជុល និងធ្វើការកែលម្អឲ្យប្រសើរឡើងវិញចាប់ពីថ្ងៃទី២ ខែកញ្ញានេះតទៅ បន្ទាប់ពីមានការផ្អាករយៈពេលប៉ុន្មានថ្ងៃ ដោយសារបញ្ហាគ្រោះអគ្គិភ័យកាលពីពេលថ្មីៗកន្លងទៅនេះ។

លោកបន្តថា ទំហំការខូចខាតពីការឆេះផ្សារនេះ គិតទឹកប្រាក់អស់ប្រមាណ ៨៣១ ០០០ដុល្លារ តូបខូចខាតទាំងស្រុងចំនួន៣២ ប៉ាន់ប្រមាណជាទឹកប្រាក់ចំនួន ៧៥០ ០០០ដុល្លារ ក្នុងនោះមានតូបលក់គ្រឿងទេសចំនួន១៥, តូបលក់ចានឆ្នាំងចំនួន៤, និងតូបលក់ខោអាវ ចំនួន១៣ ចំណែកតូបរងការខូចខាតប្រមាណ ៥០ភាគរយ មានចំនួន៦តូប ក្នុងនោះតូបគ្រឿងទេសចំនួន៥ និងតូបខោអាវ១ គិតជាទឹកប្រាក់ប្រមាណ៨ម៉ឺនដុល្លារ។

លោក សឿម ប៊ុនរិទ្ធិ បានបន្ថែមថា តាមការចុះពិនិត្យ និងវាយតម្លៃ អគ្គិភ័យនៅផ្សារណាត់នេះ បណ្តាលមកពីការទុស្សេខ្សែភ្លើង ធ្វើឲ្យប៉ះពាល់ដល់ផ្នែកខ្លះនៃដំបូលផ្សារ បង្កឲ្យមានស្នាមប្រេះធ្នឹមលើ បែកកញ្ចក់ បាក់បែកដំបូលបេតុងបន្ទះ តម្រូវឲ្យមានការសិក្សាលម្អិតពីការរៀបកែលម្អ និងជួសជុលឡើងវិញ តាមរយៈប្រគល់ឲ្យខាងមន្ទីររៀបចំដែនដី និងមន្ទីរវប្បធម៌ខេត្ត សហការគ្នាធ្វើការពិនិត្យវាយតម្លៃ ធ្វើការជួសជុលឡើងវិញទៅតាមរចនាបថដើម ដែលជាអគារអភិរក្ស។

គួរបញ្ជាក់ថា ផ្សារធំបាត់ដំបង ត្រូវបានសាងសងឡើងរួចរាល់ នៅឆ្នាំ១៩៣៦ ដោយត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បង្កឲ្យមានការភ្ញាក់ផ្អើល និងមានកិច្ចអន្តរាគមន៍ផ្ទាល់ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យចំនួន ៧គ្រឿង ធ្វើការពន្លត់បាននៅវេលាម៉ោង ៧កន្លះយប់ នៅថ្ងៃដដែល៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print