រឿងព្រេងខ្មែរ÷រឿង​សត្វ​ឥន្រ្ទី​របស់​ព្រះ​ឥសូរ

ចែករំលែក៖

មាន​សត្វ​ឥន្ទ្រី ១ ជា​ទី​គាប់​ព្រះ ទ័យនៃព្រះឥសូរ បើ​សត្វ​ឥន្ទ្រី​នេះ វា​ចង់​បាន​អ្វី ៗ ក្ដី ឬ​ចង់​ស៊ី​សាច់​សត្វ​ណា​ក្ដី វា​ទូល​ព្រះឥសូរ​ថា​វា​យល់​សុបិន​ត្រូវ​ស៊ី​សាច់​សត្វ​នោះ ព្រះឥសូរ​ក៏​ចេះ​តែ​ជឿ​តាម ហៅ​សត្វ​មក​ឱ្យ​វា​ស៊ី​តែ​រឿយៗ ។ សត្វ​ទាំង​ឡាយ មាន​គោ ក្របី​ជាដើម កើត​ក្ដៅ​ក្រហាយ​និង​សត្វ​ឥន្ទ្រី​នេះ​មហិមា តែ​ពុំ​ហ៊ាន​ថា​អ្វី ព្រោះ​ខ្លាច​អំណាច​ព្រះឥសូរ ជា​ម្ចាស់​លើ​សត្វ​លោក​នោះ ។ ថ្ងៃ ១ សត្វ​ឥន្ទ្រី​នេះ វា​ចង់​ស៊ី​សាច់​ស្ដេច​ដំរី ទើប​វា​ទូល​ព្រះឥសូរ​ថា វា​យល់​សុបិន​ត្រូវ​ស៊ី​សាច់​ស្ដេច​ដំរី​ស ។ ព្រះឥសូរ​ក៏​ជឿ​តាម​ទើប​ឱ្យ​បម្រើ​ទៅ​ប្រាប់​ដំរី​ស​ម្ដាយ​និង​កូន​ថា ឱ្យ​ទៅ​លាង​ខ្លួន​ឱ្យ​ស្អាត​ហើយ​ឱ្យ​ចូល​មក​ក្នុង​វេលា​ព្រឹក​នេះ ឱ្យ​សត្វ​ឥន្ទ្រី​គេ​ស៊ី ត្បិត​គេ​យល់​សុបិន​ត្រូវ​ត្រង់​រូប​ខ្លួន​ហើយ ។ ឯ​ដំរី​ស​ម្ដាយ​និង​កូន កាល​ណា​បើ​ឮ​ថា ព្រះឥសូរ​ឱ្យ​ហៅ​ខ្លួន​ខ្លួន​ទៅ​ឱ្យ​សត្វ​ឥន្ទ្រី​ស៊ី​ដូច្នោះ ក៏​ភិតភ័យ​នឹង​សេចក្ដី​ស្លាប់​នោះ​មហិមា នាំ​គ្នា​យំ​សោក​វិយោគ​ទៅ​ផ្សេង ៗ ពុំ​ដឹង​បើ​និង​រក លោក​អ្នក​ណា​មេត្តា​ជួយ​ដោះ​ជីវិត​នៃ​អាត្មា​បាន ហើយ​ក៏​នាំ​គ្នា​ដើរ​ចុះ​ទៅ​ក្នុង​ស្រះ ដើម្បី​នឹង​ងូត​ទឹក​ដុស​លាង​កាយ ។

គ្រានោះ​មាន​សត្វ​ទីទុយ ១ ទំ​នៅ​លើ​មែក​ឈើ បាន​ឃើញ​ដំរី​ស​ម្ដាយ​និង​កូន ដើរ​យំ​សោក​ដូច្នោះ ក៏​សួរ​ទៅ​ថា “នែ​ដំរីស ! អ្នក​មាន​ទុក្ខ​ទោមនស្ស​ព្រោះ​ហេតុអ្វី ?” ។ ដំរី​ស​ម្ដាយ​និង​កូន ក៏​ថ្លែង​សេចក្ដី​ទុក្ខ​ប្រាប់​ទីទុយ​តាំង​ពី​ដើម ដល់​ចប់​សព្វ​គ្រប់​ប្រការ ទីទុយ​ឮ​ដូច្នោះ​ក៏​ថា “ឱ​ព្រះ​ឥសូរ​លោក​ម្ដេច​ក៏​ប្រកប​ដោយ​ឆន្ទាគតិ គឺ​លំអៀង​ច្បាប់ លំអៀង​សេចក្ដី​ទៅ​តាម​សេចក្ដី​ស្រឡាញ់ ទៅ​ជឿ​ស្ដាប់ តែ​ពាក្យ​សត្វ​ឥន្ទ្រី​ឱ្យ​យាយី​គេ​ឯ​ទៀត​ដូច្នោះ” ។ ដំរី​ស​តប​ថា ” ឱ្យ​អ្នក​ទីទុយ​អើយ! ខ្ញុំ​នេះ​ឥត​ទីពឹង​ពំនាក់​សោះ​ឡើយ សូម​អ្នក​មេត្តា​ជួយ​សង្គ្រោះ​ដោះ​ដូរ​ជីវិត​ខ្ញុំ​ឱ្យ​រួច ពី​ភ័យ​ម្ដង​នេះ​ទៅ​លោក​ម្ចាស់ ខ្ញុំ​ម្ដាយ​និង​កូន​នៅ​ជា​ខ្ញុំ​បម្រើ​អ្នក” ។ ឯ​ទីទុយ​កើត​ចិត្ត​មេត្តា​ករុណា ក៏​ឆ្លើយ​ទទួល​ថា “អើ​បើ​ដូច្នោះ​អ្នក​ឯង​ឆ្លើយ​ទទួល​សារភាព​ថា​ជា​បាវ​ខ្ញុំ​ចុះ ខ្ញុំ​ឯង​នឹង​ទៅ​និយាយ​កែ​តាម​កល​ឧបាយ​ត​និង​ព្រះឥសូរ​មើល​ម្ដង ” ។ ដំរី​ស​ក៏​ព្រម​តាម ហើយ​ឱ្យ​ទីទុយ​ជិះ​ទំ​លើ​ក្បាល​កូន​ដំរីស​ចរ​ទៅ កាន់​ដំណាក់​ព្រះឥសូរ​ឰដ៏​ភ្នំ​កៃលាស​មហា​ស្ថាន​ដល់​ហើយ​ទីទុយ​ក៏​ចុះ​ចាក​ក្បាល​ដំរីស ចូល​ទៅ​ទៀប​បល្ល័ង្ក​ទីន័ង​ព្រះឥសូរ​ហើយ​ទូល​ថា “បពិត្រ​ព្រះអង្គ​ជា​កំពូល​លោក ព្រះអង្គ​មាន​ការ​អ្វី​បាន​ជា​ទ្រង់​ហៅ​ដំរី​ស​ជា​បាវ​ខ្ញុំ​ទូលព្រះបង្គំ​មក​នេះ មាន​ហេតុ​ភេទ​យ៉ាង​ណា​ព្រះករុណា ? ព្រះឥសូរ​ឆ្លើយ​ថា “អើ​ទីទុយ ! បាវ​ឯង​នេះ​ត្រូវ​ដល់​សេចក្ដី ស្លាប់​ហើយ​ក្នុង​ថ្ងៃ​នេះ ត្បិត​សត្វ​ឥន្ទ្រី គេ​យល់​សុបិន​ថា ត្រូវ​បរិភោគ​សាច់​ដំរី ហេតុ​ទើប​យើង​ឱ្យ​ហៅ​ដំរីស​ជា​បាវ​ឯង​មក​ឱ្យ​គេ​ស៊ី” ។

ទីទុយ​តប​ថា “សូម​ទាន ឯ​កិរិយា​យល់​សុបិន​របស់​សត្វ​ឥន្ទ្រី​នោះ​ជា​ទៀង​ពិត​ប្រាកដ ព្រះ​អង្គ​យក​ជា​ប្រមាណ​ណាស់​ទៅ​ឬ​យ៉ាង​ណា​ដូចម្ដេច ។

“អើ​ទីទុយ សត្វ​ឥន្ទ្រី​នោះ​គេ​យល់​សុបិន​ហើយ សុបិន​នោះ​និមិត្ត​ទៀង​ពិត​ណាស់ ហើយ​យក​ជា​ប្រមាណ​បាន” ។ “ក្រាបទូល ទូលព្រះបង្គំ​ជា​ខ្ញុំ​ជឿ​តាម​ព្រះបន្ទូល ដែល​ទ្រង់​ជឿ​សុបិន​សត្វ​ឥន្ទ្រី​នោះ ដំរីស​បាវ​ខ្ញុំព្រះករុណា​វិសេស​ក៏​គួរ​ស្លាប់ ហើយ​ខ្ញុំម្ចាស់​នាំ​មក​ថ្វាយ​ឱ្យ​ទ្រង់​ប្រទាន​ដំរីស​ឱ្យ​សត្វ​ឥន្ទ្រី​គេ​បរិភោគ​ចុះ តែ​ខ្ញុំ​ល្អង​ធូលី​ព្រះបាទ​យប់​មិញ​នេះ​មាន​ធុរៈ​ដើរ​ចាប់​ក្ដាម​បរិភោគ ពុំ​បាន​ទទួល​ទាន​ដំណេក​សោះ បើ​ដូច្នេះ​សូម​មេត្តា​អត់​ទោស សូម​ទទួល​ទាន​ដំណេក​បាន​មួយ​ស្រឡេត​សិន ហើយ​សឹម​ខ្ញុំ​នាំ​បាវ​ទៅ​ឱ្យ​សត្វ​ឥន្ទ្រី​នោះ​ស៊ី” ថា​ហើយ​ទីទុយ​ក៏​ធ្វើ​ជា​ធ្មេច​ភ្នែក​សម្ងំ​ដេក​បន្តិច ទីទុយ​ក៏​ធ្វើ​ជា​ភ្ញាក់​ឡើង ហើយ​ពត់​ខ្លួន​ពត់​ប្រាណ​សិត​ស្លាប ធ្វើ​កិរិយា​រីករាយ ហើយ​ទូល​ព្រះឥសូរ​ថា “សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ទូលព្រះបង្គំ​ជា​ខ្ញុំ​ទទួល​ទាន​ដំណេក​អម្បាញ់មិញ​នេះ​ទៅ​យល់​សុបិន​ល្អ​ណាស់ ជា​សុបិន​មង្គល​ហៅ សុភនិមិត្ត” ។ ព្រះ​ឥសូរ​ក៏​សួរ​ថា “បា​ឯង​យល់​សុបិន​នោះ​ដូចម្ដេច​ចូរ​និយាយ​ទៅ​មើល ?” ។ ទីទុយ​ក៏​ទូល​ថា “សុបិន​ទូលព្រះបង្គំ​ជា​ខ្ញុំ​នេះ​មាន​សេចក្ដី​ប្លែក​ណាស់​ស្ទើរ​តែ​មិន​ហ៊ាន​និយាយ” ។ “មើល​ឯង​និយាយ​ទៅ​មើល សុបិន​ឯង​នោះ​យ៉ាង​ណា? ” ។ “សូម​ទាន​សុបិន​នោះ​ឃើញ​ថា សម្ដេច​នាង​ឧមា​ភគវតីជា​ព្រះ​រាជមហេសី​ល្អង​ធូលី​ព្រះ​បាទ​នេះ ស្រឡាញ់​ខ្លួន​ខ្ញុំ​ព្រះករុណា​វិសេស ល្អង​ធូលី ព្រះបាទ​ក៏​ប្រោស​ប្រទាន​ឱ្យ​មក​ជា​ភរិយា​ខ្ញុំ សុបិន​ខ្ញុំ​នេះ​ទៀង​ពិត​ប្រាកដ​ណាស់ យក​ជា​ប្រមាណ​បាន បើ​ដូច្នោះ​សូម​ល្អង​ធូលី​ព្រះបាទ​ហៅ​ព្រះនាង​ឧមា​ភគវតី​នោះ​ព្រះរាជ​ទាន​ឱ្យ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ទុក​ជា​ព្រះ​កេរ្តិ៍​របស់​ព្រះ​ករុណា​វិសេស” ។ ព្រះឥសូរ​ឮ​ដូច្នោះ​ក៏​តូច​ព្រះ​រាជ​ហឫទ័យ ទើប​ត្រាស់​ថា “អា​ឯង​យល់​សុបិន​នេះ​តែ​ផ្ដាស​ទេ យើង​នឹង​យក​ជា​ប្រមាណ​ពុំ​បាន នឹង​ជឿ​ស្ដាប់​ពុំ​បាន​ទេ អា​ទីទុយ​អើយ! ” ។ ទីទុយ​តប​ថា “ការ​យល់​សុបិន​ខាង​ទូលព្រះបង្គំ​ជា​ខ្ញុំ ! ព្រះអង្គ​យល់​ជា​ប្រមាណ​ពុំ​បាន នឹង​ជឿ​ស្ដាប់​ពុំ​បាន ចុះ​ខាង​សត្វ​ឥន្ទ្រី​នោះ​ម្ដេច​ក៏​ព្រះអង្គ​ជឿ​ស្ដាប់​យក​ជា​ប្រមាណ​បាន ! អើ​បើ​សុបិន​ទូលព្រះបង្គំ​ជា​ខ្ញុំ​មិន​ពិត សុបិន​សត្វ​ឥន្ទ្រី​នោះ​ក៏​មិន​ពិត​ដូច​គ្នា ព្រោះ​ជា​វិស័យ​សកុណជាតិ​ដូច​គ្នា សូម​ព្រះអង្គ​កាត់​សេចក្ដី​នេះ​ឱ្យ​បាន​ប្រកប​ដោយ​យុត្តិធម៌​ទាំង​សង​ខាង​ឱ្យ​ទាន” ។ ព្រះឥសូរ​ឮ​ទីទុយ​ស្ដី​ដូច្នោះ​ចូរ​ឯង​នាំ​យក​ដំរីស​ជា​បាវ​ឯង វិល​ទៅ​កាន់​ទីលំនៅ​ឯង​វិញ​ចុះ ការ​នេះ​យើង​លើក​លែង​គ្នា​តែ​ប៉ុណ្ណេះ ” ។

...

ទីទុយ​ក្រាប​ថ្វាយ​បង្គំ​លា​នាំ​ដំរី​ស​ម្ដាយ​និង​កូន​ទៅ​កាន់​លំនៅ​វិញ ដំរី​ទាំង​ម្ដាយ​ទាំង​កូន​ក៏​បាន​រួច​ជីវិត​នៅ​ជា​សុខ​សប្បាយ​តទៅ ព្រោះ​បាន​ជួប​នឹង​ទីទុយ​ជា​កល្យាណ​មិត្រ​ជា​អ្នក​ប្រាជ្ញ អាច​ជួយ​ដោះ​ទុក្ខ​បាន​ដោយ​ប្រពៃ ៕(ចប់)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print