ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះពូកនៅបន្ទប់ជាន់ទី២ក្នុងបុរីពិភពថ្មីចំការដូង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍បានទាន់ពេលវេលា។ ហេតុការណ៍អគ្គិភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និងនាទីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅបុរីពិភពថ្មីចំការដូង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះមានឈ្មោះ អ៊ុី សុវណ្ណវុត្ថា អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
ស្ត្រីជាម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានអង្គុយលក់ដូរនៅក្នុងផ្ទះជាន់ក្រោមស្រាប់តែពេលនោះក៏មានអ្នកជិតខាងកបានប្រាប់ថាឃើញមានផ្សែងហុយចេញពីបន្ទប់ជាន់ទី២ ពេលឮគេប្រាប់ដូច្នេះរូបគាត់ក៏ឡើងទៅដល់បន្ទប់បើកទ្វារឃើញភ្លើងឆាបឆេះពូកនៅលើគ្រែ ក៏ស្រែកឲ្យអ្នកជិតខាងជួយយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ តែដោយសារតែភ្លើងឆេះពូកមានស្ថានភាពខ្លាំងក៏រាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានរាជធានីភ្នំពេញប្រចាំនៅសាលាខណ្ឌដង្កោ ចុះជួយធ្វើអន្តរាគមន៍បាញ់ពន្លត់អស់ទឹកចំនួនមួយឡានទើបរលត់ជាស្ថាពរ ។
តាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលខណ្ឌដង្កោប្រាប់ឲ្យដឹងថា អគ្គិភ័យឆាបឆេះនៅបន្ទប់ជាន់ទី២ខាងលើនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដែលហៅថា(ទុស្សេខ្សែភ្លើង)ហើយនៅក្នុងអគ្គិភ័យខាងលើនេះគឺមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេដោយគ្រាន់តែឆេះពូកនិងសម្ភារមួយចំនួនតូចប៉ុណ្ណោះ៕ដោយ៖ ភារ៉ា ដង្កោ