រដ្ឋបាលរាជធានីភ្នំពេញត្រៀមរួចរាល់ហើយក្នុងការបង្ការទប់ស្កាត់និងបង្ការជំងឺកូវីដ-១៩ ខណៈបើកសាលាឲ្យសិស្សថ្នាក់ទី៩និងថ្នាក់ទី១២ បានសិក្សារៀនសូត្រនៅថ្ងៃទី៧កញ្ញានេះ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានរៀបចំខ្លួនរួចរាល់ហើយក្នុងការបង្ការទប់ស្កាត់និងបង្ការជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំ យុវជននិងកីឡា ខណៈបើកសាលាឲ្យសិស្សថ្នាក់ទី៩និងថ្នាក់ទី ១២បានសិក្សារៀនសូត្រនៅថ្ងៃទី៧ ខែកញ្ញាខាងមុខនេះ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌនិងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅក្នុងវិទ្យាល័យបាក់ទូក ស្ថិតក្នុងខណ្ឌ៧មករា ដើម្បីត្រៀមក្នុងការបើកសាលាឲ្យសិស្សានុសិស្សថ្នាក់ទី៩និងថ្នាក់ទី១២ បានរៀនសូត្រ ដោយខាងសាលារៀន បានរៀបចំអនាម័យ បរិស្ថានជាមួយនឹងការបំពាក់នូវគ្រឿងឧបករណ៍ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ដែលបានមកពីការជួយឧបត្ថមពីរដ្ឋបាលរាជធានីភ្នំពេញ។
លោក តូច កន្តាល់ នាយកវិទ្យាល័យបាក់ទូកបានមានប្រសាសន៍លើកឡើងថា អនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំ យុវជននិងកីឡា សាលារៀនទាំងអស់សម្រាប់ថ្នាក់ទី៩និងថ្នាក់ទី១២ ត្រូវបានបើកឱ្យសិស្សបានសិក្សារៀនសូត្រឡើងវិញចាប់ពីថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២០ខាងមុខនេះតទៅ។
លោកបញ្ជាក់ថា កន្លងមកនេះ ពោលគឺនៅពេលមិនទាន់មានមេរោគកូវីដ-១៩ ជាធម្មតាសិស្សត្រូវរៀនក្នុង១ថ្នាក់ប្រមាណ៥០នាក់ តែសម្រាប់ការបើកសាលាឱ្យសិស្សបានរៀនឡើងវិញនាថ្ងៃទី៧ ខែកញ្ញាខាងមុខនេះ គឺមិនដូចនាពេលកន្លងមកនោះទេ គឺក្នុងមួយថ្នាក់ៗ ឱ្យសិស្សរៀនមិនលើសពី២០នាក់នោះទេ ហើយមួយថ្ងៃ សិស្សអាចសិក្សាត្រឹម៣ម៉ោង និង១សប្តាហ៍រៀនបាន
ពី៤ទៅ៥ថ្ងៃប៉ុណ្ណោះ ជាមួយនឹងការដាក់ចេញនូវវិធានការដើម្បីការពារនូវជំងឺកូវីដ-១៩ផងដែរ ដោយតម្រូវឱ្យមានច្រកចេញចូលដែលមានការបាញ់អាល់កុលសម្លាប់មេរោគ ការពាក់ម៉ាស់ការពារ ការអនុវត្តវិធានការលាងដៃនឹងសាប៊ូ អាល់កុល ទឹកជែល និងការដាក់គម្លាតសុវត្ថិភាពពីគ្នាមួយម៉ែត្រកន្លះផងដែរ។ ក្រៅពីនេះវេនចេញលេងរបស់សិស្សក៏ត្រូវមានការប្ដូរវេនគ្នាផងដែរ។
លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ការបើកសាលារៀនឡើងវិញនេះគឺអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំ ដោយយើងត្រូវរៀបចំជាគណៈកម្មការដើម្បីត្រួតពិនិត្យ ហើយបើមានបញ្ហាអ្វីមួយ ដូចជាការឡើងកម្ដៅខ្ពស់ យើងនឹងផ្ដល់ព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធ និងការផ្ដល់តាមលេខទូរស័ព្ទ១១៥ជាដើម។ ពាក់ព័ន្ធនឹងការបើកសាលារៀនវិញនៅថ្ងៃទី៧ខែកញ្ញាខាងមុខនេះមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានរៀបចំរួចរាល់ហើយ ចំពោះវិធានការការពារទប់ស្កាត់នូវជំងឺកូវីដ-១៩។
យុវសិស្ស ព្រុំ សំណាង ដែលជាសិស្សរៀននៅថ្នាក់ទី១២នៃវិទ្យាល័យបាក់ទូក បានបញ្ជាក់ពីជំហររបស់ខ្លួនថា ការដែលក្រសួងអប់រំអនុញ្ញាតឱ្យសិស្សថ្នាក់ទី៩និងថ្នាក់ទី១២ បានចូលរៀនសូត្រឡើងវិញនេះ គាត់ពិតសប្បាយរីករាយណាស់ និងមានការជឿទុកចិត្តយ៉ាងខ្លាំងទៅលើវិធានការការពារទប់ស្កាត់នូវជំងឺកូវីដ-១៩របស់សាលា ដោយយុវសិស្សរូបនេះអះអាងថា វិធានការការពារទាំងនេះ អាចធ្វើឲ្យឪពុកម្ដាយនិងអាណាព្យាបាលរបស់គាត់មានទំនុកចិត្តនិងជឿជាក់ថា មិនមានការឆ្លងនូវជំងឺកូវីដ-១៩ ក្នុងអំឡុងពេលដែលពួកគាត់សិក្សារៀនសូត្រនេះទេ។
បើតាមយុវតីឈ្មោះនឿន ធីតាក៏បានបញ្ជាក់ស្រដៀងគ្នានេះដែរ ហើយនាងក៏បានសូមអំពាវនាវដល់សិស្សានុសិស្សទាំងអស់ដែលត្រូវចូលរៀននៅថ្ងៃទី ៧ខែកញ្ញានេះ សូមចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នាងក៏បានបញ្ជាក់ផងដែរថា ការសិក្សាតាមអនឡាញកន្លងមកនេះ នាងពិតជាមានការលំបាកក្នុងការរៀនសូត្រ មានបញ្ហា ឬចម្ងល់អ្វីមួយមិនដឹងថាសាកសួរយ៉ាងណា ដែលនេះជាបញ្ហា ។ នាងថាការបើកឲ្យមានការសិក្សាជាមួយនឹងលោកគ្រូ អ្នកគ្រូផ្ទាល់ឡើងវិញបែបនេះ វាបានធ្វើឲ្យនាងរីករាយក្នុងចិត្តយ៉ាងខ្លាំង៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print