ខេត្តកំពង់ឆ្នាំង៖ ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល នាយទាហានរងជាន់ទាប នៅសាលាពលទាហានយោធភូមិភាគពិសេសស្ថិតក្នុងខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក មេញ្ជាការយោធភូមិភាគពិសេស បានផ្តល់នូវគន្លឹះ និងការណែនាំសំខាន់ៗមួយចំនួនរួមមាន ត្រូវម្ចាស់ការ រៀបចំសម្ភារសម្រាប់បម្រើឲ្យការហ្វឹកហ្វឺន, ត្រូវយកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុង ពេលម៉ោងសិក្សារៀនសូត្រ, ត្រូវមានសាមគ្គីភាពល្អជាមួយមិត្តក្នុងវគ្គដោយចេះជួយគ្នាទៅវិញទៅមក, ត្រូវយកចិត្តទុកដាក់ចៀសឲ្យឆ្ងាយពីល្បែងស៊ីសង ការសេពគ្រឿងស្រវឹង ពិសេសគ្រឿងញៀន, ត្រូវចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋ, ត្រូវចូលរួមប្រឆាំង និងទប់ស្កាត់អំពើភេរវកម្មរបស់ពួកអមិត្ត និងថែរក្សាការពារនូវសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃឲ្យបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។ ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី ក៏បានណែនាំដល់យោធិន និងសិក្ខាកាមទាំងអស់ ត្រូវរក្សាអនាម័យឲ្យបានល្អ និងអនុវត្តឱ្យបាន នូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល នាយទាហានរងជាន់ទាប នៅសាលាពលទាហានយោធភូមិភាគដែលស្ថិតក្នុងខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នេះ មានរយៈពេល៦ខែ និងមានសិក្ខាកាមចូលរួមហ្វឹកហ្វឺនសរុបចំនួន៨០នាក់៕
ដោយ៖ សិលា