ស្ត្រីអ្នកដំណើរម្នាក់បានបើកទ្វារអាសន្នយន្តហោះដោយចិត្តឯង រួចហើយចេញទៅអង្គុយនៅលើស្លាបស្រូបយកខ្យល់អាកាស។ ហេតុការណ៍ខាងលើបានកើតឡើងនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ហើយអ្នកដំណើរម្នាក់បានបើកទ្វារអាសន្នយន្តហោះក្នុងពេលយន្តហោះចុះចតឈប់រង់ចាំឱ្យអ្នកដំណើរចុះពីយន្តហោះ។
តាមសារព័ត៌មាន Independent បានផ្សាយថា ហេតុការណ៍ខាងលើបានកើតឡើងតាំងពីថ្ងៃទី៣១ ខែសីហាមកម៉្លេះ ពេលយន្តហោះចេញពីទីក្រុង Antalya ប្រទេស
តួកគីមកកាន់ទីក្រុង Kiev ប្រទេសអ៊ុយក្រែន។
ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (UIA) បានឲ្យដឹងថា អ្នកដំណើរ នៅលើជើងហោះហើរលេខ PS6212 បានបើកទ្វារអាសន្នដោយខ្លួនឯង ក្រោយយន្តហោះឈប់នៅមួយកន្លែង។ ក្រោយពេលបើកទ្វារនាងបានដើរចេញទៅឈរលើស្លាបយន្តហោះដើម្បីស្រូបយកខ្យល់អាកាស។
ស្ត្រី«ថ្លើមធំ»ខាងលើទើបតែមកពីសម្រាកលម្ហែកាយជាមួយស្វាមីនិងកូនពីរនាក់។ ក្រោយពេលយន្តហោះចុះចត ស្ត្រីរូបនោះបានបញ្ចាក់ថាខ្លួនមានអារម្មណ៍ក្តៅខ្លាំងចង់ចេញទៅខាងក្រៅ ស្រូបយកខ្យល់អាកាសបន្តិច។
ក្រោយទទួលបានព័ត៌មានភ្លាមអាកាសយានិក បានហៅកម្លាំងសន្តិសុខ និងបុគ្គលិកសុខាភិបាលមកកាន់ទីតាំងយន្តហោះចត។ រូបភាពពីសកម្មភាពខាងលើត្រូវបានបង្ហោះនៅលើបណ្តាញសង្គមទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមនុស្សជាច្រើនបានថ្កោលទោសពីទង្វើមិនគប្បីនេះ។
ក្រោយប៉ូលិសឃាត់ខ្លួន ក៏បានធ្វើតេស្តសារធាតុញៀន និងគ្រឿងស្រវឹង គឺមិនមានឡើយ ដោយមានស្ថានភាពសុខភាពធម្មតា។ ក្រុមហ៊ុនបានទាមទារឲ្យស្ត្រីខាងលើសងប្រាក់មួយចំនួនធំពីសកម្មភាពខាងលើ ហើយដាក់ចូលក្នុងបញ្ជីខ្មៅហាមធ្វើដំណើរតាមយន្តហោះរបស់ខ្លួន ៕ដោយ៖ធី រីណា