រឿង​ព្រេងខ្មែរ÷ រឿងសង្គ្រាមរវាងគីង្គក់និងតាព្រហ្ម

ចែករំលែក៖

សម័យ​ព្រេង​នាយ វេលា​មួយ​ពិភពលោក​កើត​ទុរ្ភិក្ស ក្ដៅ​ហួតហែង គ្រប់​ទិសទី​ព្រះ​ពិរុណ​មិន​បង្អុរ​ភ្លៀង​សោះ ស្ទឹង​ត្រពាំង ថ្លុក​បឹង​ព្រែក ទន្លេ​រីង​ទឹក​អស់ ។ សត្វ​ទាំងឡាយ​ស្លាប់​គរ​ឆ្អឹង​លើ​គ្នា​រុក្ខជាតិ​នានា​ស្វិត​ក្រៀម​ក្រញង់ ។ ពួក​មណ្ឌុកសត្វ​មាន​គីង្គក់ ហ៊ីង កង្កែប​ជា​ដើម​ដែល​ជា​សត្វ​ប៉ិន​អត់ធន់ ក៏​ស្គម​នៅ​តែ​ស្បែក​នឹង​ឆ្អឹង។ ថ្ងៃមួយ គីង្គក់​ជា​មេ​​ប្រកាស​ដល់​ក្រុម​ញាតិ និង​ហ៊ីង​កង្កែប​ជា​មិត្ត​​ថា ហៃ​មិត្ត​ទាំងអស់​គ្នា ! មើល​ទៅ​តា​ព្រហ្ម​មិន​បង្អុរ​ភ្លៀង​មក ឱ្យ​យើង​ទៅ​បើ​យើង​នៅ​ស្ងៀម​មុខ​ជា​ដាច់​ពោះ​ស្លាប់ មក​វ៉ី​មិត្ត​យើង​កេណ្ឌ​គ្នា​ទៅ​តយុទ្ធ នឹង​តា​ព្រហ្ម​យក​ភ្លៀង​ឱ្យ​បាន អាសន្ន​ដល់​ហើយ​ស្ងៀម​ក៏​ស្លាប់​ច្បាំង​ក៏​ស្លាប់ បើ​ម្ង៉ៃ​នឹង​ស្លាប់​ៗ​ក្នុង​ចម្បាំង​យក​ជ័យ​ឱ្យ​ក្រុម​ញាតិ​និង​មិត្រ​ប្រសើរ​ជាង មក ! មក ! ទៅ​ប្រយុទ្ធ ។ ក្រោយ​ដែល​បាន​ប្រកាស​យ៉ាង​នេះ ពល​គីង្គក់​និង​មិត្រ​ទាំងអស់​ក៏​លើក​ព្យុហយាត្រា​ទៅ​តយុទ្ធ​នឹង​តា​ព្រហ្ម ក្នុង​វិមាន​លោក​ឰដ៏​អាកាស ។ កង​ទ័ព​មណ្ឌុកសត្វ​ដើរ​កាត់​ទីវាល បន្តិច​មក​ស្រាប់​តែ​ប្រទះ​ទ័ព​មួយ​ហ្វូង​ធំ​ទៀត ។ មេបញ្ជាការ​ធំ​នៃ​ទ័ព​គីង្គក់​ឃើញ​ហ្វូង​ពល​ត្រី​អណ្ដែង​ធំ ៗ ខ្នាន់​ខ្នាប់​ខ្លួន​ប្រឡាក់​ស្រមក​​ដោយ​កម្ទេច​ធូលី​និង​ផែះ​នៃ​វាល​ស្រែ ។ មេ​គីង្គក់​សួរ​ថា ” នែ​វ៉ី​តើ​កន​ឯង​ទៅ​ណា បាន​ជា​ប្រមៀល​ខ្លួន​ហុយ​ដី​ទ្រលោម​កាត់​មុខ​ឱ្យ​រំខាន​ដល់​កង​ទ័ព​អញ​នេះ? ” ។ ត្រី​អណ្ដែង​ជា​មេទ័ព​តប​ថា ‘ ភឿន​អើយ ! ពួក​មច្ឆា​បាន​បញ្ជូន យើង​ឱ្យ​មក​ជា​មួយ​បង​ក្រាញ់​ដ៏​ប៉ិន​ប្រសប់​ខាង​រត់​ឆ្លង​ភ្នំ និង​បារាយណ៍ ដើម្បី​ច្បាំង​នឹង​តា​ព្រហ្ម​យក​ភ្លៀង​មក​បំពេញ​បឹង​ស្ទឹង​យើង​ទៅ ! ភឿន ! ។ គីង្គក់​ឮ​ដូច្នោះ​អរ​ណាស់​ក៏​ប្រាប់​កងទ័ព​ខ្លួន មួយ​រំពេច​នោះ​សព្ទ​ជយោ​បាន​លាន់​ឮ​ចេញ​ពី​ទ័ព​ទាំង​ពីរ​ក្រុម ហើយ​ទ័ព​ទាំង​នោះ​ក៏​ប្រមូល​គ្នា​យាត្រា​ទៅ​តាម​វាល​ក្ដៅ​ហួត​ហែង​ទៅ បន្តិច​ទៅ​ស្រាប់​តែ​ឃើញ​បាណកជាតិ​មួយ​ហ្វូង​ធំ ហើរ​ខ្មៅ​ខ្នាប់​សូរ​ងូងៗ លើ​អាកាស ហើយ​ឮ​ឃ្មុំ​និង​ឪម៉ាល់​ជា​មេទ័ព​បន្លឺ​មក នែ​គីង្គក់ ហ៊ីង កង្កែប ត្រី​អណ្ដែង ត្រី​ក្រាញ់ ឯង​ទៅ​ណា​ស្រមក​យ៉ាង​នេះ ? គីង្គក់​តប​ថា មក​វ៉ឺយ ! បង​ឃ្មុំ ! យើង​ហើយ​និង​ក្រុម​បង​លើក​ទ័ព​ទៅ​ច្បាំង​ព្រោះ​អត់​ភ្លៀង​ខ្វះ​ឈើ​ព្រៃ​ផ្ដល់​ធ្វើ​សំបុក​ដល់​ក្រុម​បង មក​កុំ​បង្អង់ យើង​ព្រួត​គ្នា​ទៅ​តយុទ្ធ​នឹង​តា​ព្រហ្ម កុំ​ខ្លាច​ខ្លាច ស្លាប់​ទៅ ! ទៅ ! ។ ទ័ព​គោក​និង​អាកាស ហ៊ោ​យក​ជ័យ ហើយ​ក៏​លើក​តទៅ​ទៀត ។ លុះ​ដល់​ជិត​ចម្ការ​ស្ងួត​មួយ តែ​ទ័ព​នេះ​ប្រទះ​នឹង​ផ្លែ​ត្រសក់ស្រូវ​ដួល​រណែល​លើ​ផែនដី ដាច់​របះ​ទង​គួរ​ឱ្យ​អាសូរ ។ ត្រសក់​មួយ​ស្រែក​ដោយ​មាន​សង្ឃឹម​ថា “ភឿន​អើយ​ឱ្យ​គ្នា​យើង​ដោយ​សារ​ទៅ​ផង តែ​ខំ​យើង​ស្ងួត ស្លាប់​អស់​ហើយ​ភឿន​ទៅ​ច្បាំង យើង​ក៏​ស៊ូ​ស្លាប់​ជំនួស​គ្រួសារ​យើង​ដែរ មិន​ឱ្យ​នៅ​វេទនា​ទេ ” មេទ័ព​ទាំង​បី ក៏​យល់​ព្រម​ឱ្យ​ត្រសក់ស្រូវ​ប្រមៀល​ខ្លួន​ទៅ​តាម​ក្បួន លុះ​ផុត​ពី​វាល ក៏​បាន​ដល់​ព្រៃ​មួយ​ដែល​រុក្ខជាតិ​ទាំង​ឡាយ​ក្រៀម​រញម​ស្លាប់​ជិត​អស់ ។ កងទ័ព​បាន​ទៅ​ដល់​ឃើញ​វល្លិ​ផ្ដៅ​ធំ ៗ ពីរ​ដើម​នៅ​នឹង​គល់​ឈើ​ងាប់​មួយ​ដើម ។ ផ្ដៅ​សូរ​ថា “នែ​ភឿន ! ទៅ​ណា​ហ្នឹង​សន្ធឹក​ម្ល៉េះ ភឿន​មិន​អាសូរ​មិត្ត​រុក្ខជាតិ​គ្នា​យើង​ទេ​ឬ? ឃើញ​ទេ​ស្លាប់​ដេក​ពពូន​ដោយ​ដៃ​តា​ព្រហ្ម​អស់​ហើយ ឱ្យ​យើង​ទៅ​ច្បាំង​ផង យើង​នៅ​យ៉ាង​នេះ ក៏​វេទនា​ណាស់ យើង​ស៊ូ​ទៅ​ស្លាប់​ក្នុង​សង្គ្រាម ដើម្បី​ដណ្ដើម​យក​ជ័យ​មក​ផ្ដល់​ជីវិត​សត្វលោក ” ។ ទ័ព​ទាំងអស់​ក៏​យល់​ព្រម​ឱ្យ​ផ្ដៅ​គោចរ​ទៅ​តាម​ផង ។ ក្រោយ​មក​ទ័ព​ទាំងអស់​ក៏​បាន​ដល់​ឋាន​តា​ព្រហ្ម ។ គីង្គក់​បាន​បញ្ជា​ឱ្យ​ឃ្មុំ ប្រុង​វាយ​សម្រុក​នៅ​ទ្វា​ខាង​មុខ​និង​ខាង​ក្រោយ ត្រី​អណ្ដែង ត្រី​ក្រាញ​ដែល​ខ្លួន​ប្រឡាក់​ទៅ​ដោយ​ក្បុង និង​ផែះ​ឱ្យ​ចូល​ទៅ​ក្នុង​ពាង​និង​ផើង​ទឹក​នៅ​មាត់​ទ្វារ​ប្រាសាទ ត្រសក់ស្រូវ​ឱ្យ​ប្រមៀល​ទៅ​ទៀប​ជើង​ក្រាប​អាសនៈ​តា​ព្រហ្ម​គង់ ។ ឯ​ក្រុម​គីង្គក់ ហ៊ីង កង្កែប​ជា​ទ័ព​ស្រួច​អ្នក​ចូល​លុក ។ លុះ​ចាត់​ស្រេច​ហើយ ទ័ព​មណ្ឌុកសត្វ​ក៏​ចូល​ស្រ​តម្រង់​អាសនៈ​តា​ព្រហ្ម​អាស្រ័យ​នៅ​ដោយ​ហ៊ោ​សន្ធប់​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​រេហ៍ពល អស់​ទាំង​ទេវតា មេនំ មេនាង ចៅជិត​ចៅចម ម៉ម ខុនណាង​ជំទាវ រត់​ចេញ​ពី ប្រាសាទ​ស្លន់ស្លោ​ទៅ​ត្រូវ​ទឹក​ផែះ ទឹក​ក្បុង​ដែល​ត្រី​អណ្ដែង​ត្រី​ក្រាញ​បាច​មក​លើ​ភ្នែក ផ្សា​ស្រវាំង​រក​ទិស​តំបន់​ពុំ​ឃើញ ថែម​ទាំង​ត្រូវ​ពួក​ឃ្មុំ ឪម៉ាល់​ទិច ចុក​ឈឺ​រមួល ស្រែក​យំ​រំពង​តា​ព្រហ្ម​រក​ច្រក​ចេញ​ពុំ​ទាន់​ស្រែក​សួរ​ថា “នែ​វើយ ! អា​ពួក​គីង្គក់ ហ៊ីង​កង្កែប​ចង្រៃ​ឯង​ទៅ​ណា?” ពួក​មណ្ឌុកសត្វ តប​ថា “យើង​មក​ច្បាំង ៗ” តា​ព្រហ្ម​ចុះ​ចាក​អាសនៈ​ឥត​មើល​ក្រោយ ក៏​ជាន់​លើ​ត្រសក់ស្រូវ​រអិល​ដួល​ផ្ងារ ស្រទាង ត្រូវ​ផ្ដៅ​ទាំង​ពីរ​បន្ទន់​ខ្លួន​ប្រញាប់​សង្កត់​ក​ជាប់ ឃ្មុំ​ក៏​ទិច ឈឺ​ផ្សា ស្រែក​ចុះ​ញ៉ម​ពួក​សត្វ និង​រុក្ខជាតិ​ថា “ចាញ់​ហើយ ! ” ។ ឮ​ដូច្នេះ មេបញ្ជាការ​គីង្គក់​ក៏​ឃាត់​ទ័ព​ឱ្យ​ឈប់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចុះ​ចាញ់ ។ គីង្គក់​សួរ​ទៅ​តា​ព្រហ្ម​បរាជ័យ​ថា “ម៉េច​ក៏​លោក​បង្អត់​ភ្លៀង​ដល់​សត្វ​លោក ធ្វើ​ឱ្យ​ស្លាប់​គ្រប់​កន្លែង ដូច្នោះ ? គ្នា​យើង​មិន​សុខ​ចិត្ត​ទេ បើ​លោក​មិន​បង្អុរ​ភ្លៀង​ចុះ​ទៅ​នោះ យើង​នឹង​កម្ទេច​វិមាន​លោក​សម្លាប់​ទាំង​ពល ទាំង​លោក​ពុំ​ខាន” ។ តា​ព្រហ្ម​នឹក​ភ័យ​ក៏​និយាយ​អង្វរ​អស់​ពល​សត្វ​នឹង​រុក្ខជាតិ​ថា “សូម​ពួក​ព្រះ​ស្ដែង​កុំ​ខឹង យើង​ខ្លាច​ហើយ យើង​នឹង​ផ្ដល់​ទឹក​ភ្លៀង​ឱ្យ​ឥឡូវ​នេះ​ហើយ សូម​អស់​លោក​អញ្ជើញ​ទៅ​វិញ​ចុះ កុំ​ខឹង​អី ” ។ គីង្គក់​តប​ថា “ទេ ! កន​យើង​មិន​ព្រម​ទេ បើ​យើង​ទៅ នោះ​លោក​នឹង​ផ្ដល់​ភ្លៀង​ឱ្យ​យើង​តែ​មួយ​មេ ហើយ​ព្រងើយ​កន្តើយ​ទៅ នាំ​ឱ្យ​ពិបាក​យើង​លើក​ទ័ព​ឡើង​មក​ទៀត ដូច្នោះ​សូម​លោក​សន្យា​ឱ្យ​ពរ​ពិសេស​ដល់​យើង​សិន ទើប​កន​យើង​សុខ​ចិត្ត” ។ លុះ​ជញ្ជឹង​មួយ​សន្ទុះ តា​ព្រហ្ម​ពោល​ថា “អើ ! យើង​ព្រម​ឱ្យ​ពរ​ដល់​អ្នក​រាល់​គ្នា ហើយ បើ​ដូច្នោះ​ពេល​ណា អ្នក​ត្រូវ​ការ​ភ្លៀង ចំណែក​គីង្គក់​ហ៊ីង កង្កែប​ត្រូវ​សង្កៀត​ធ្មេញ បន្លឺ​សំឡេង​ពី​ក្រោម​មក ពេល​នោះ​យើង​នឹង​បង្អុរ​ភ្លៀង​ឱ្យ​អ្នក​ភ្លាម ។ កាល​សន្យា​រួច​ស្រេច ទ័ព​មណ្ឌុកសត្វ​បាណកសត្វ និង​រុក្ខជាតិ​ក៏​ថយ មក​លំនៅ​រៀង ៗ ខ្លួន ។ តាំង​ពី​នោះ​មក​ពេល​ណា​គីង្គក់ ហ៊ីង កង្កែប ត្រូវ​ការ​ភ្លៀង ក៏​សង្កៀត​ធ្មេញ បន្លឺ​សំឡេង​ក្រត ៗ ! អែប ៗ ! អោក ៗ ! ហ៊ីង​ហ៊ឹង ៗ ! ភ្លៀង​ក៏​ធ្លាក់​មក ៕ (ចប់)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print