ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភាលោកកិត្តិនីតិកោសល្យបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័ន រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និឹងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង, សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័ន រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និឹងសហព័ន្ធរុស្សីុនិងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័ន រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និឹងសាធារណរដ្ឋកូរ៉េ ។
លោកកិត្តិនីតិកោសល្យបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា បានចុះសន្ធិសញ្ញាទាំងទ្វេភាគី ទាំងពហុភាគី ជាមួយបណ្ដាប្រទេសជាច្រើន ជាពិសេសសន្ធិសញ្ញាទាក់ទងនឹងការធ្វើបត្យាប័ន ការផ្ទេរទណ្ឌិត និងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ។
លោកកិត្តិនីតិកោសល្យបណ្ឌិតបន្ថែមថា សន្ធិសញ្ញានេះ មានគោលបំណងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងបទល្មើសព្រហ្មទណ្ឌឲ្យមានប្រសិទ្ធភាពរវាងប្រទេសកម្ពុជា បារាំង សហព័ន្ធរុស្សីុ និងកូរ៉េ ក្នុងការលុបបំបាត់ឧក្រិដ្ឋកម្ម ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យគ្នាទៅវិញទៅមក និងផលប្រយោជន៍ទាំងសងខាង។
ក្នុងកិច្ចប្រជុំនេះលោកប្រធានបានស្នើឲ្យលោក លោកស្រីជាសមាជិកសមាជិកា ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាំង៣នេះឲ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីជួបប្រជុំជាមួយរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗនេះ៕
ដោយ ៖ សសម